2024-01-29 10:01
60

ខេត្តក្រចេះ ៖  កាលពីចុងសប្តាហ៍កន្លងទៅនេះ ខេត្តក្រចេះមានពិធីបិទផ្សព្វផ្សាយខ្លឹមសារអនុសំវចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣១ ក្រោមអធីបតីភាពលោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ ដោយមានការយាងនិមន្តជាអធិបតីសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងការនិមន្តចូលរួមព្រះមេគណខេត្តទាំងពីរគណៈ រួមនឹងព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទ និងឥស្លាមសាសនាសរុបប្រមាណ ៦០០ អង្គនាក់ ។

តាមថេរៈដីការពីព្រះគ្រូបញ្ញានុបាល ធឹង ចន្រ្ថា ព្រះវិន័យធម៌គណខេត្ត បានបញ្ជាក់ថា ៖  វិស័យព្រះពុទ្ធសាសនាទូទាំងខេត្តក្រចេះ មានវត្តសរុបចំនួន១៨០វត្ត ក្នុងនោះវត្តគណៈមហានិកាយមាន ចំនួន១៦៧វត្ត វត្តគណៈធម្មយុត្តិកនិកាយ មានចំនួន១៣វត្ត ព្រះសង្ឃសរុបទូទាំងខេត្ត មានចំនួន ១,៤២២ អង្គ អាចារ្យចំនួន៥២២ នាក់ គណៈកម្មការចំនួន៨៥១នាក់ ។ ហើយចំពោះ-គ្រិស្តសាសនា មានវិហារ២២កន្លែង ស្នាក់ការថ្វាយបង្គំគ្រិស្តសាសនា៤៤កន្លែង មានបរិស័ទសរុប១,៨១១នាក់ ស្រី៥០៧នាក់ -សាសនាមហាយាន ៖ មានចំនួន០៣កន្លែង មានបរិស័ទសរុប៣៨០នាក់/ស្រី២៦៥នាក់-ឥស្លាមសាសនា ៖មានវិហារចំនួន៨៣កន្លែង សូរ៉ាវ ១៣៣កន្លែង ស៊ីមាំម៉ាស្ងួត៨០នាក់ មានបរិស័ទសរុប៤៤,៨៥២នាក់/ស្រី ២,៣៦១៨នាក់ ។ ព្រះគ្រូបន្តថា ៖ សម្រាប់វិស័យពុទ្ធិកសិក្សា និងបណ្ណាល័យ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ មានសាលាធម្មវិន័យចំនួន១កន្លែង សាលាពុទ្ធិកបឋមសិក្សា មានចំនួន១៥ កន្លែង និងសាលាពុទ្ធិកអនុវិទ្យាល័យមានចំនួន០១កន្លែង សរុបសមណសិស្ស និងសិស្ស ចំនួន៥៨៧អង្គ/នាក់ផងដែរ ។

មានប្រសាសន៍បន្ថែមក្នុងឱកាសនោះ លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានគូសបញ្ជាក់ថា ៖ ការបន្តផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរមហា សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នៅតាមបណ្តារាជធានី-ខេត្ត គឺមានសារៈសំខាន់ទាំងអស់ ព្រោះខ្លឹមសារសង្ឃ ប្រកាសមានប្រសិទ្ធភាពជាលិខិតបទដ្ឋានគតិយុត្ត មានលក្ខណបែបបង្គាប់បញ្ជាទៅលើព្រះសង្ឃពុទ្ធសាសនាបាន និងមានគុណប្រយោជន៍ ៖-ដើម្បីជជែកប្ដូរយោបល់គ្នាធ្វើយ៉ាងណាលើកកម្ពស់កិត្យានុភាពព្រះពុទ្ធសាសនា -ព្រមព្រៀងគ្នាប្រជុំតាមកាលកំណត់ ជាទៀងទាត់លើកកម្ពស់ការប្រតិបត្តិធម៌វិន័យ -ញ៉ាំងពុទ្ធបរិស័ទដែលមិនទាន់មានសទ្ធាឱ្យមានសទ្ធាឡើងក្នុងពុទ្ធសាសនា -ញ៉ាំងពុទ្ធបរិស័ទដែលមានសទ្ធាហើយឱ្យរិតតែមានសទ្ធាឡើងក្នុងពុទ្ធសាសនា - ពង្រឹងគុណភាពនៃការអប់រំតាមបែបព្រះពុទ្ធសាសនា - ផ្សារភ្ជាប់ព្រះពុទ្ធសាសនានឹងសង្គម -កំណត់ទិសដៅការអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់-ពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង ដើម្បីប្រសិទ្ធភាពការងារព្រះពុទ្ធសាសនា និងដឹងច្បាស់មិនលុះក្នុងអំណាចមហិច្ឆតា ៕    ណូរិទ្ធ (ក្រចេះ)