2024-02-05 02:02
59

នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ខេត្តសៀមរាប  កាលពីពេលកន្លងមកថ្មីៗនេះ ប្រតិភូគោលនយោបាយរបស់ក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន ប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ រួមនិងក្រុមការងារ បាននាំយកនូវថវិកាចំនួនជាង ៦០លាន រៀល ទៅប្រគល់ជូនក្រុមគ្រួសារនាយទាហាន ២ គ្រួសារ ដែលជាថវិកាសម្រាប់ចំណាយក្នុងការរៀបចំពិធីបុណ្យសព ក្នុងនោះក្រុមគ្រួសារសព ឧត្តមសេនីយ៍ត្រី ចូលនិវត្តន៍ ព្រំ សារ៉ន នាយរងលេខាធិកាដ្ឋាន កងពលធំអន្តរាគមន៍លេខ២ និងទី២ ក្រុមគ្រួសារ ឧត្តមសេនីយ៍ត្រី ចូលនិវត្តន៍  បឿយ សារ៉ុន នាយសេនាធិការរង កងពលតូចអន្តរាគមន៍លេខ៥ កងទ័ពជើងគោក ។

   បន្ទាប់ពីមេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ ២ បានសំដែងនូវការដឹងគុណចំពោះប្រមុខរារដ្ឋាភិបាលនិងក្រសួងការពារជាតិ  ព្រមទាំងក្រុមការងារគោលនយោបាយក្រសួងការពារជាតិ ដែលបាននាំយកថវិការសម្រាប់រៀបចំពិធីបុណ្យសពមកផ្តល់ជូនក្រុមគ្រួសារ ដោយផ្ទាល់ដៃ រួចមក  ឧត្តមសេនីយ៍ឯក សៅ សារឿន បានរំលឹកឡើងវិញនូវស្នាដៃ អតីតនាយទាហានជាន់ខ្ពស់ទាំងពីររូប ដែលមានគុណបំណាច់យ៉ាងធំធេងក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ នាពេលកន្លងមករហូតដល់ថ្ងៃអវសាន្តនៃជីវិតចុងក្រោយ ។     

ទាក់ទងទៅនិងថវិកាឧបត្ថម្ភនេះដែរ ឯកឧត្តមប្រធានប្រតិភូ បានបញ្ជាក់ជូន ដែរថា ចំពោះប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យនេះគឺជាការគិតគូខ្ពស់ពី រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខនាយទាហាន នាយទាហានរងនិង ពលទាហាន ក៍ដូចជា ការកសាងជុំរំជុំរកនិងផ្ទះស្នាក់នៅជូនដល់ក្រុមគ្រួសារកងទ័ពនៅតាមតំបន់ព្រំដែន និងមជ្ឈមណ្ឌលបំប៉នសុខភាពយោធិន ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមគ្រួសារកងកម្លាំងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ នាពេលកន្លងទៅ ។