2024-02-08 08:02
63

ដើម្បីជួយសម្រួលក្នុងការដឹកជញ្ជូនផលស្រូវ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង សភាពាណិជ្ជកម្មខេត្តស្វាយរៀងបានសម្រេចធ្វើការសាងសង់ចំណតទូកមួយកន្លែងស្ថិតនៅក្នុងភូមិក្រសាំងជ្រំឃុំគ្រួសស្រុកស្វាយជ្រំខេត្តស្វាយរៀងដោយក្នុងនោះក៏មានការធ្វើផ្លូវឲ្យរថយន្តដឹកស្រូវចូលទៅក្នុងចំណតទូកព្រមទាំងមានបំពាក់នូវជញ្ជីងសម្រាប់ថ្លឹងស្រូវដែលអាជីវករក៏ដូចជាប្រជាពលរដ្ឋដែលនាំស្រូវចេញទៅលក់     នៅប្រទេស វៀតណាមផងដែរ។ 

លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានឲ្យដឹងនារសៀលថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០២៤នេះថា:គោលបំណងនៃការធ្វើចំណតទូកនាពេលនេះគឺដើម្បីឲ្យប្រជាកសិករងាយស្រួលក្នុងការប្រេីប្រាស់ជាកន្លែងផ្ទេរស្រូវរបស់ប្រជាកសិករចេញពីឡានចូលទូករបស់អ្នកទិញស្រូវមកពីប្រទេសវៀតណាម នៅក្នុងស្រុកស្វាយជ្រំក៏ដូចជាកន្លែងផ្សេងៗទៀតនៅក្នុងខេត្ត ពីព្រោះថាបច្ចុប្បន្ននេះស្រូវកំពុងឡើងថ្លៃហើយបើយើងមានកន្លែងច្បាស់លាស់នោះគឺងាយស្រួលក្នុងការគ្រប់គ្រង។ 

លោកបានបន្តឲ្យដឹងទៀតថា:ដោយសារឆ្នាំនេះទិន្នផលស្រូវបានតម្លៃខ្ពស់ហើយប្រជាកសិករបាននាំគ្នាសម្រុកធ្វើស្រូវប្រាំងច្រើនដូច្នេះហើយខាងសភាពាណិជ្ជកម្មខេត្តបានធ្វើការសម្របសម្រួលទៅខាងភាគីវៀតណាមដើម្បីស្វែងរកទីផ្សារឲ្យបងប្អូនប្រជាកសិករដោយទទួលបានការគាំទ្រពីសំណាក់អាជ្ញាធរនៅមូលដ្ឋាន គឺបានព្រមព្រៀងឯកភាពរវាងភាគីកម្ពុជានិងភាគីវៀតណាមព្រមទាំងអ្នកដែលមានការពាក់ព័ន្ធគឺឃើញថាពុំមានផលប៉ះពាល់ដល់បង្គោលព្រំដែនឬប្រឡាយរួមនោះទេ។

លោក សុុក រ៉ាដូ បានបន្ថែមទៀតថា: ចំពោះរណ្តៅដីតូចមួយដែលក្រុមការងារបានជីកយកអាចម៌ដីនោះគឺដើម្បីធ្វើជើងទេផ្លូវឲ្យរថយន្តដាក់សម្ភារ:ចូលក្រោយបញ្ចប់ការងារនោះក្រុមជាងនឹងលុបរណ្តៅនោះឲ្យរាបស្មើមានសភាពដូចដើមវិញជាពុំខាន។ 

ដោយឡែកមន្ត្រីនៃរដ្ឋបាលខេត្តមួយរូបបានឲ្យដឹងផងដែរថា:ដោយយោងទៅតាមអនុសាសន៍របស់លោកអភិបាលខេត្តស្វាយរៀងឲ្យស្វែងរកទីផ្សារស្រូវដល់ប្រជាកសិករនៅមូលដ្ឋានដូច្នេះយើងត្រូវធ្វើយ៉ាងណាបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋដើម្បីលក់ស្រូវរបស់គាត់ឲ្យទាន់រដូវកាលមិនត្រូវមានភាពយឺតយ៉ាវនោះឡើយពីព្រោះថា បច្ចប្បន្ននេះស្រូវកំពុងមានតម្លៃខ្ពស់ធ្វើឲ្យពួកគាត់មានចំណូលខ្ពស់ជួយកាត់បន្ថយភាពក្រីក្រនៅក្នុងជីវភាពគ្រួសារបានមួយកំរឹតទៀតផង។ 

ចំណែកប្រជាពលរដ្ឋក៏ដូចជាបងប្អូនអាជីវករដែលនាំស្រូវទៅលក់ទាំងនោះក៏មានការសប្បាយរីករាយផងដែរដោយសារមានកន្លែងចំណតទូកច្បាស់លាស់សម្រាប់ទូកចេញចូលងាយស្រួលក្នុងការដឹកស្រូវចេញទៅលក់បានតម្លៃថ្លៃចំណាយតិចក្នុងការដឹកជញ្ជូននៅក្នុងតំបន់មាត់ច្រកព្រំដែន។ 

សូមបញ្ជាក់ផងដែរថា:ចំពោះផលស្រូវដែលប្រជាកសិករលក់ឱ្យអាជីវករវៀតណាមទាំងនេះគឺពុំមានលក់បន្តទៅកន្លែងផ្សេងទៀតនោះទេគឺលក់តែស្រូវនៅក្នុងតំបន់ជាប់ព្រំដែនហើយក្របខ័ណ្ឌនៃការធ្វើកិច្ចសហប្រតិបត្តិការនេះគឺត្រឹមតែខេត្ត និងខេត្តតែប៉ុណ្ណោះ៕