2024-02-14 01:02
107

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំឱ្យមានការដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅខាងមុខបរិវេណក្រសួង។ 

សូមបញ្ជាក់ផងដែរថានេះគឺជាឆ្នាំទី២ហើយ ដែលក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទបានរៀបចំកម្មវិធីនេះឡើង ដោយមានស្តង់ចូលរួមចំនួន ២១ស្តង់។ ចំនួននេះកើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។

តាមក្រសួងកសិកម្ម គោលដៅនៃការដាក់តាំងលក់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់។

ក្រសួង បានបន្តថា ការផ្តល់ជូនបាច់បន្លែឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ តែវាក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករ ដែលខិតខំប្រឹងប្រែងដាំដុះបន្លែ កសិដ្ឋានចិញ្ចឹមសត្វ ព្រមទាំងសហគ្រាសកែច្នៃផលិតផលកសិកម្មឱ្យមានគុណភាព និងសុវត្ថិភាព សម្រាប់បម្រើដល់តម្រូវការប្រជាពលរដ្ឋទូទៅ ពិសេសធានាបាននូវសុវត្ថិភាព និងសុខុមាលភាពអ្នកបរិភោគ៕