2024-02-14 21:55
302

ភ្នំពេញ៖ បុរសម្នាក់មានមុខរបរជាចោរធ្លាប់ជាប់ពន្ធនាគារ ប៉ុន្តែចេញមកវិញមិនរៀងមិនចាល នៅបន្តប្រព្រឹត្តមុខរបរចាស់ដដែល បានធ្វើសកម្មភាពគាស់ទ្វាបន្ទប់ខុនដូរមួយកន្លែងក្នុងទឹកដីភូមិសាស្ត្រខណ្ឌទួលគោក ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវ និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៥និង៤៥នាទី ត្រង់ចំណុច ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យបានបង្រ្កាប និងឃាត់​ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូរ)។

ចំពោះជនសង្ស័យត្រូវបានបង្ក្រាប និងឃាត់ខ្លួននោះ គឺជាមុខសញ្ញាចាស់មិនរៀងចាល មានឈ្មោះ កែវ បញ្ញារិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចោរ ស្នាក់នៅផ្ទះជួលលេខ ៤០Z បន្ទប់លេខ ១៣ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ មានការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ស្នាក់នៅ ហើយបានរកឃើញឯកសារសំខាន់ៗ មួយចំនួនរបស់ជនរងគ្រោះដែលលួចបាននាពេលកន្លងទៅ ក្នុងនោះ មានដូចជា អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ និងឯកសារមួយចំនួនទៀត។ កម្លាំងជំនាញបានព្យាយាមទាក់ទងទៅជនរងគ្រោះ និងបានប្រគល់ជូនម្នាក់ផងដែរ។

បន្ទាប់ពីបញ្ចប់ការសួរនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕