2024-02-27 08:02
152

(កំពត) នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ថោង ពោជ រដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា ក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ(WATSAN))មានតួនាទីសំខាន់ដើម្បីចូលរួមចំណែក ឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល ហើយក្រុមការងារនេះជាអ្នកកំណត់លក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបន់ ដូច្នេះសូមបន្តខិតខំធ្វើយ៉ាងណាសម្រេចសេវាទាំងពីរនេះឲ្យបាន នៅមុនឆ្នាំ២០៣០។
   ថ្លែងក្នុងពិធីបិទអង្គវិបស្សនាក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបាន រៀបចំឡើងនៅសាលប្រជុំ របស់រមណីដ្ឋានមុនីឥស្សរាខេត្តកំពត  ឯកឧត្តម ថោង ពោជ  រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តចក្ខុវិស័យរយៈពេល៥ឆ្នាំ (២០២៤-២០២៨) គឺកសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ឌីជីថល និងភាពធនទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ធានាបាននូវប្រាក់ចំណូលគ្រួសារ ប្រកបដោយចីរភាព និងមានសុកមាលភាពកាន់តែល្អប្រសើ។
   ជាលទ្ធផលយើងបានកាត់បន្ថយអត្រាគ្រួសារក្រីក្រ១,៥%ក្នុងមួយឆ្នាំ ស្របនឹងកំណើរសេដ្ឋកិច្ច ក្នុងរង្វង់៧% ក្នុងមួយឆ្នាំ។
   ដើម្បីសម្រេចបានការងារផ្តល់សេវាទឹកស្អាត និងអនាម័យជនបទ ក្នុងអត្រាគ្រប់ដណ្តប់ ១០០% នៅឆ្នាំ២០៣០  ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ  ដល់ក្រុមការងារ(WATSAN) ឲ្យបន្តកិច្ចសហការល្អ កៀរគរគម្រោងគាំទ្រ និងបន្តណែនាំអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីកិច្ចការងារទាំងនេះ។

   បើយោងតាម មន្ត្រីជំនាញបានឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០២៣ សម្រាប់អត្រាគ្រប់ដណ្តប់ទូទាំងប្រទេស ទទួលបានសេវាទឹកស្អាតជាមូលដ្ឋាន៨៣.៥% និងការផ្តល់សេវាទឹកគ្រប់គ្រងដោយសុវត្ថិភាពអត្រា ២០%  ខណៈដែលការផ្តល់សេវាអនាម័យជាមូលដ្ឋាន អត្រា៨៦.៦%  គ្រប់គ្រងដោយសុវត្ថិភាព ៣៦% ។
   លោក ហ៊ សារិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានឲ្យដឹងដែរថា ខេត្តកំពតវិស័យផ្គត់ផ្គង់ទឹកសម្រេចបាន ក្នុងអត្រា៧២% និងវិស័យអនាម័យសម្រេចបានក្នុងអត្រា ៨៦% ។
លោកបានស្នើសល់ថ្នាកដឹកនាំក្រសួង  ស្ថាបន័ជំនាញពាក់ពន្ធ អង្គការដៃគូសូមបន្តជួយឧបត្ថម្ភគាំទ្រលើវិស័យទាំងពីរនេះ ដើម្បីឲ្យខេត្តកំពតសម្រេចបានលទ្ធផលល្អប្រសើរ១០០មួយរយភាគរយក្នុងពេលឆាប់ៗខាងមុខ។(សឹង រ៉ាត់)