2024-07-07 20:12
333

មណ្ឌលគិរី៖ ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យដោយខុសច្បាប់តាមរថយន្តសាំយ៉ុង និងរថយន្តកែឆ្នៃនាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូន តាមប្រច្រករបៀងព្រំដែនស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយសារមានការសហការបើកភ្លើងខៀវពីសមត្ថកិច្ចពាក់ព័ន្ធនៅពីក្រោយសកម្មភាពនេះ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា សកម្មភាពការដឹកជញ្ជូនបទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាម ចាប់ផ្តើមកក្រើកឡើងវិញ នៅតាមច្រករបៀងនានា នៅក្នុងភូមិសាស្ត្រស្រុកកែវសីមា ត្រូវបានគេដឹងថាមានឈ្មួញចំនួន ០៣នាក់ ដែលកំពុងចរាចរនាំឆ្លងដែនយ៉ាងគគ្រឹកគគ្រេងគ្មានការទប់ស្កាត់ ឬបង្ក្រាបពីសំណាក់សមត្ថកិច្ចជំនាញឡើយ។ 

ជាក់ស្តែង កាលពីយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក ក្រុមឈ្នួញ ចំនួន ០៣នាក់ បានសម្រុកដឹកជញ្ជូនបទល្មើសព្រៃឈើចេញភូមិសាស្ត្រនានា នៃទឹកដីខេត្តមណ្ឌលគិរី នាំចូលមកស្រុកកែវសីមា ដើម្បីឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀង «ង៉ាំយូលិត» និងច្រករបៀង «ងាំដី» ក្នុងស្រុកកែវសីម៉ា យ៉ាងគគ្រឹកគគ្រេង ដោយសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់មិនមានវិធានការទប់ស្កាត់បង្ក្រាបនោះឡើយ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រុមឈ្មួញដែលកំពុងធ្វើសកម្មភាពទាំងបីនាក់នោះ ត្រូវបានគេស្គាល់ឈ្មោះ រក្សា និងឈ្មោះ ចាន់ ថន ដែលក្រុមនេះ ជាក្រុមដែលសកម្មបំផុត ក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើអត់ច្បាប់យកទៅលក់នៅប្រទេសវៀតណាម ក្រោមការសម្របសម្រួលពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធលំដាប់ថ្នាក់ ក្នុងស្រុក និងសមត្ថកិច្ចប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ផងដែរ។ 

នៅយប់ថ្ងៃទី០៥ ខែកក្កដា កន្លងទៅថ្មីៗនេះ មានរថយន្តជាច្រើនដឹកជញ្ជូនបទល្មើសព្រៃឈើចេញស្រុកកែវសីមា ជាច្រើនគ្រឿង ហើយត្រូវបានគេរាយការណ៍ជូន លោក ឈន សំអាត មន្ត្រីកងរាជអាវុធហត្ថលើកផ្ទៃប្រទេស គ្រប់គ្រងនៅតំបន់នោះ ដើម្បីចាត់វិធានការបង្ក្រាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ប៉ុន្តែត្រូវលោកប៉េអឹមលើផ្ទៃប្រទេសឈ្មោះ ឈន សំអាត បានឆ្លើយយ៉ាងខ្លីថា៖ «ខ្លួនមិនបានដឹងទេ ហើយបើដឹងក៏លោកបានត្រឹមរាយការណ៍ដូចតែហ្នឹង (Sic!)»

លុះនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ ភ្នាក់ងារយើងបានរាយការណ៍ តាមប្រព័ន្ធ telegram ទៅលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា ពាក់ព័ន្ធនឹងករណីខាងលើ តែលោកបានត្រឹមចូលមើលហើយ និងមិនមានការឆ្លើយតប ឬចាត់វិធានការបង្ក្រាបទប់ស្កាត់នោះឡើយ។

ពាក់ព័ន្ធករណីក្រុមឈ្មួញសម្រុកដឹកជញ្ជូនបទល្មើសព្រៃឈើដោយខុសច្បាប់នាំចេញទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យនៅ លោក សារ ផល្លា នាយប៉ុស្តិ៍នគរបាលព្រំដែន ក្រុមការងារបានទំនាក់ទំនងតាមប្រព័ន្ធទូរសព្ទដើម្បីសុំការបកស្រាយជុំវិញរឿងបទល្មើសព្រៃឈើឆ្លងដែននេះ ដោយលោកបានឆ្លើយយ៉ាងខ្លីថា៖ «កំពុងជាប់ភារកិច្ចនៅភ្នំពេញ ដោយដាក់ឲ្យស្ដីទីនៅជំនួស»

ចំណែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹង នៅរសៀលថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ថា៖ «រឿងនេះលោកទទួលបានហើយដោយមានរថយន្តមួយចំនួនដឹកចូលទៅក្នុងទឹកដីខេត្តក្រចេះ ហើយរថយន្តដឹកឈើខ្លះទៀតចូលដីខេត្តមណ្ឌលគិរី»។ លោកស្នងកាបញ្ជាក់ថា៖ «ឱ្យតែមានបទល្មើសឆ្លងដែនឱ្យតែក្នុងដែនលោកនឹងធ្វើការបង្ក្រាបទាំងអស់ ជាក់ស្តែងរថយន្តសាំយ៉ុងពីរគ្រឿង ត្រូវបានបង្ក្រាបរយើងបានប្រគល់ជូនឲ្យទៅខាងបរិស្ថានរួចហើយដែរ»