2024-07-09 11:02
235

កំពង់ស្ពឺ៖ កម្មករ-កម្មការិនី រោងចក្រកាត់ដេរ ចំនួន ២៦នាក់ បានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀត ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ស្ថិតលើផ្លូវជាតិលេខ ៤១ ខណៈពេលធ្វើដំណើរចេញរោងចក្រវិលត្រឡប់ទៅលំឋានវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃចន្ទ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២០និង៥៥នាទី នៅលើផ្លូវជាតិលេខ ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (៤១-៤២) នៅចំណុច ភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រថយន្តដឹកកម្មករ-កម្មការិនី រោងចក្រ ០១គ្រឿង ម៉ាក Hyundai Mighty ពណ៌ស ស្លាកលេខ ភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ ដឹកកម្មកររោងចក្រ បានបើកបរដឹកកម្មករពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជាមួយ រថយន្ត ០១គ្រឿងទៀត ម៉ាក SSONG YONG ACTYON ពណ៌ស សេរីឆ្នាំ២០១៧ ស្លាកលេខភ្នំពេញ 2BH-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

តាមការសាកឃើញហេតុការណ៍ផ្ទាល់ភ្នែក (កម្មករ) បាននិយាយថា៖ មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្ត SSONG YONG ACTYON បើករេចុះរេឡើងពេញផ្លីវរួចជ្រុលមកបុករថយន្តដឹកកម្មកររបស់ពួកគាត់តែម្តង។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យរងរបួសមនុស្ស សរុបចំនួន ២៦នាក់ (របួសមនុស្សធ្ងន់ ០៦នាក់ និងរបួសស្រាល ២០នាក់) ខូចខាត រថយន្តស្ទើទាំងស្រុង។

ក្រោយពេលកើតហេតុ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីក្រោមឱវ៉ាត់ចុះជួបសាកសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនី ដែលរងរបួសដល់មន្ទីរពេទ្យ និងជួយឧប្ថម្ភថវិកាមួយចំនួនផងដែរ។

បច្ចុប្បន្នកម្មករ កម្មការិនី ដែលរងរបួសត្រូវបានសមត្ថកិច្ចអាជ្ញាធរបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជនដៃគូរ ប.ស.ស៕