2024-07-12 05:07
146

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យលោក LIU Yichuon និងសហការីមកពីសមាគមសហគ្រាសធុនតូច និងមធ្យមមកពីប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីប្រទេសកម្ពុជា និងមានបំណងបោះទន់វិនិយោគនៅកម្ពុជា។ 

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍ លោក LIU Yichuon និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារ និងស្វែងយល់សភាពការណ៍ពិតពីនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ព្រមទាំងឱកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លូននៅព្រះរាជាណាចក្រកម្ពុជា។ 

ជាការឆ្លើយតប លោកប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីសមាគមរបស់លោកដែលប្រមូលផ្តុំនូវសហគ្រាសធុនតូច និងមធ្យមជាង ៥.០០០ នៅតាមប្រទេសចិន និងប្រទេសអាស៊ាន។ 

លោកបានជម្រាបបន្ថែមថា នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីប្រទេសកម្ពុជា និងឱកាសវិនិយោគនៅកម្ពុជារៀបចំដោយសមាគមជូនដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាង ៣៥០រូប ដែលជាសមាជិករបស់សមាគមដែលមានបំណងមកបោះទុនវិនិយោគនៅកម្ពុជា។   

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការមកជួបសម្ដែងការគួរសម និងជំនឿទុកចិត្តក្នុងការបោះទុនវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងជូនពរលោក LIU Yichuon  សហការី និងម្ចាស់សហគ្រាសទាំងអស់មានសុខភាពល្អ និងជោគជ័យក្នុងការប្រកបធុរកិច្ចដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងជម្រុញកំណើនសេដ្ឋកិច្ច និងជាការទាក់ទាញវិនិយោគបរទេសដោយផ្ទាល់ឱ្យកាន់តែច្រើនឡើង៕