2024-09-01 13:25
241

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចខណ្ឌជលផលខេត្តកំពង់ឆ្នាំង បន្តវិធានការក្តៅ បង្ក្រាបបទល្មើសនេសាទនារដូវបិទនេសាទ ដុតនឹងកាប់បំផ្លាញចោលវត្ថុតាងមួយចំនួនធំនៅហ្នឹងកន្លែងតែម្តង។ 

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល ឲ្យដឹងថ្ងៃទី៣១​ ខែសីហា នេះថា ប្រតិបត្តិការធ្វើឡើង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លទ្ធផលរួមមាន៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងសរុបចំនួន ០៥ នាក់ បានចុះល្បាតប្រទះឃើញការដឹកជញ្ជូនផលផលិតផលជលផល ភាគច្រើនជាប្រភេទកូនត្រីប្រា គ្មានលិខិតអនុញ្ញាតនៅចំណុចសាលាតាហាយ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ វត្ថុតាងមានដូចខាងក្រោម៖ ម៉ូតូសន្តោងរឺម៉ក់ ចំនួន ០១គ្រឿង, ត្រីចម្រុះ ៥០០ គីឡូក្រាម។

លោកបានបន្តទៀតថា តាមការស្រាវជ្រាវត្រីនេះ បានមកពីប្រជានេសាទដែលប្រើប្រាស់របាំងលបរួមផ្សំសាច់អួន។ បន្ទាប់មកក្រុមការងារ បានឯកភាពគ្នាកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។

ដោយឡែកផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមជាមួយសហគមន៍នេសាទ ភូមិពាមពពេច ដឹកនាំដោយ លោក នួន ឬទ្ធី កម្លាំងចូលរួម សរុបចំនួន ០៥ នាក់ មធ្យោបាយម៉ាឡាស្មាច់ ០១គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅក្នុងដែននេសាទ ចំណុច បឹងតាមលើ ខាងកើតភូមិតាមលលើ  ឃុំកោះថ្កូវ  ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

រីឯសង្កាត់រដ្ឋបាលជលផលជលគិរី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការណ៍ជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី និងសហគមន៍នេសាទភូមិព្រែកឆ្តោ សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយ លោក រៀល សុខុម នាយសង្កាត់រ រដ្ឋបាលជលផលគិរី កម្លាំងចូលរួម សរុបចំនួន ១៣ នាក់ មធ្យោបាយទូកម៉ាឡាស្មាច់ ចំនួន ០៤ គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុច ស្វាស្លាប៉ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។

ក្នុងនោះវត្ថុតាងបំផ្លាញចោលនូវហ្នឹងកន្លែង ០២ករណីក្នុងនោះមាន៖ របាំងស្បៃមុង ១៦ កន្លែង ប្រវែង ៥០០ម៉ែត លូស្បៃមុង ចំនួន ១៦ គ្រឿង បង្គោល ចំនួន ២៧០ ដើម ត្រីចំរុះចាក់លែងក្នុងដែននេសាទ ចំនួន ៨០គីឡូក្រាម៕