2024-09-08 16:05
221

ត្បូងឃ្មុំ៖ នៅថៃ្ងទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រសួងបរិស្ថាន បានសម្ពោធបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់លើទី១ លើទំហំដីជាង ៣ហិកតា ក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះកូនឈើបានជាង ១លានដើមក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឲ្យបានច្រើន ពោលគឺបង្កើនគម្របព្រៃតាមផែនការរបស់រាជរដ្ឋាភិបាល ចំនួន ៦០ ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។

ថ្នាលបណ្តុះកូនឈើទី១នេះ សាងសង់ឡើងស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។

ឯកឧត្តម អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន»

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា៖ «ថ្នាលបណ្តុះកូនឈើនេះ រួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញ ឲ្យបានច្រើនសំដៅ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត»។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងទៀតថា៖ «ថ្នាលបណ្តុះកូនឈើទី១នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលនឹងបន្តបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង»

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើដាំឲ្យបានច្រើន ក៏ដូចជាជួយថែរក្សា និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ និងខ្យល់សម្រាប់ដកដង្ហើម។

លោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា បានថ្លែងថា៖ «UNDP គាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែអនុវត្តក្រោមយុទ្ធសាស្ត្រស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណងដាំដើមឈើ ចំនួន ១ លានដើម ក៏ដូចជាអនុសាសន៍ក្នុងគោលនយោបាយការចូលរួមចំណែក ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន»។ លោកស្រីបន្តថា៖ «កន្លងមក UNDP បានគាំទ្ររាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសំខាន់ៗ ដូចដែលបានរៀបរាប់ខាងលើ សម្រាប់ការអនុវត្តរបៀបវារៈអាកាសធាតុរបស់ជាតិ និងបន្តការរួមចំណែកចំពោះមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបានគម្របព្រៃឈើចំនួន៦០ភាគរយ នៅឆ្នាំ២០៥០»

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនមួយ បានបញ្ជាក់ថា៖ «ការចូលរួមចំណែកជាផ្នែកមួយនៃគម្រោងនេះ តាមរយៈការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអា​ទិ​ត្យបំពាក់នៅទីតាំងថ្នាលបណ្តុះកូនឈើ ពោលគឺប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលកាត់បន្ថយការបំពុលបរិស្ថាន ដើម្បីបណ្តុះកូនឈើ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ ក្រសួងបរិស្ថាន ទាំងភាពស្អាត ភាពបៃតង និងចីរភាព»។ 

កញ្ញា បានថ្លែងទៀតថា៖ «ការរៀបចំនាថ្ងៃនេះ ក៏ជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំរវាងក្រសួងបរិស្ថាន ភ្នាក់ងារ UNDP និងវិស័យឯកជន។ លើសពី ភាពជាដៃគូ ស្ថានីយ៍នេះ សបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់អនាគតបៃតង និងប្រកបដោយចីរភាពសម្រាប់កម្ពុជាផងដែរ»