2024-09-22 13:29
116

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ ចំណុះក្រសួងការពារជាតិ និងជាថៅកែស្ថានីយ៍ប្រេងឥ​ន្ធ​នៈ «សាវីម៉ិច» ខណ្ឌសែនសុខ និងបក្ខពួក ចំនួន ០៣ នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការ​ដ្ឋា​ន​​​​នគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនយកទៅធ្វើការសាកសួរតាមនិតិវិធីពាក់ព័ន្ធករណីនាំគ្នាបើករថយន្តដេ​ញ​បុក និងប្រើអំពើហិង្សាលើយុវជន ចំនួន ០៣ នាក់ យ៉ាងព្រៃផ្សៃដូចសត្វធាតុ បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ការឃាតខ្លួនមន្ត្រីយោធាជាន់ខ្ពស់ខាងលើ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីម៉ិច ដែលមានឈ្មោះ តាំង សឿន ហៅគី សឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជាជាមន្ត្រីទាហានពាក់ស័ក្តិ៤ មានទីលំនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចនគរបាលក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន ០៣ នាក់ទៀត សរុបចំនួន ០៤ នាក់ ដើម្បីយកមកសាកសួរដំ​ណើរ និងអនុវត្តតាមនិតិវិធីច្បាប់។

តាមប្រភព័ត៌មាន បានឱ្យដឹងថា ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ  មានឈ្មោះ តាំង សឿន បាននាំកូនប្រុស និងបក្ខពួកប្រមាណជិត ១០ នាក់ ជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូមួយគ្រឿងជិះដោយយុវជន ចំនួន ០៣ នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស នៅចំណុច មុខស្ថានីប្រេងឥន្ធនៈ សាវីម៉ិច ស្ថិតភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២៣និង៣០នាទី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួននោះ មានចំនួន ០៤ នាក់៖ ទី១- ឈ្មោះ តាំង សឿន ភេទប្រុស, - ឈ្មោះ សារ៉ូ អក្ករ៉ា ភេទប្រុស, - ឈ្មោះ អាន់ សុខា ភេទប្រុស និង ទី៤- ឈ្មោះ លុច្យ បុនលី ភេទប្រុស។

តាមសាក្យីនិយាយថា នៅយប់កើតហេតុ ថៅកែស្ថានីយ៍ប្រេងឥន្ធនៈ សាវីម៉ិច មានឈ្មោះ តាំង សឿន ព្រមទាំងបក្ខពួកបានបើករថយន្ត និងម៉ូតូដេញបុករួចចាប់យុវជន ចំនួន ០៣ នាក់ កំពុងជិះម៉ូតូវាយួទាត់ធាក់ ព្រមទាំងចាប់ចងដៃ រួមប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ និងរាយការណ៍ទៅសមត្ថកិច្ចថា៖ «ជាករណីយល់ច្រឡំ» ដោយស្មានយុវជនទាំង ៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ ទាំងដែលយុវជនរងគ្រោះមិនដឹងរឿង ឬប្រព្រឹត្តដូចការចោទប្រកាន់អ្វីទាល់តែសោះ។

ក្រោយចាប់វាយដោយគ្មានហេតុផល និងប្រគល់ឲ្យសមត្ថកិច្ចរួចបុគ្គលឈ្មោះ តាំង សឿន បានបង្ខំឲ្យយុវជនទាំង៣នាក់ ដែលសុទ្ធតែជាអនីតិ ផ្ដិតមេដៃធ្វើកិច្ចសន្យាបញ្ចប់រឿងមិនប្ដឹងផ្ដល់នោះទេ ដោយមិនបានប្រាប់ទៅអាណាព្យាបាលឡើយ។ ប៉ុន្តែក្រោយដឹងរឿងហេតុអាណាព្យាបាលជនរងគ្រោះ បាននាំគ្នាទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរ​បាលសង្កាត់ក្រាំងធ្នង់ ដើម្បីស្វែងរកយុត្តិធម៌ តែគ្មានចំណាត់ការ ទើបបែករឿងដល់ថ្នាក់លើ លោកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាឱ្យតាមចាប់ខ្លួនជនបង្កតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕