2024-09-29 13:55
92

(ត្បូងឃ្មុំ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការ អគារស្នាក់នៅ និងសមិទ្ធផលនានា របស់ទីបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី២ (ខេត្តត្បូងឃ្មុំ) ព្រមទាំងសួរសុខទុក្ខដល់កងកម្លាំងនគរ បាលការពារព្រំដែនគោក ទិសភូមិភាគទី១ និងទី២។ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១ និងទី២ បានឲ្យដឹងថា ដោយមានការចង្អុលដឹកនាំនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដើម្បីបន្តធ្វើការសាងសង់អគារធ្វើការ ព្រមទាំងសមិទ្ធផលផ្សេងទៀតជាច្រើនទៀត រួមមាន៖ អគារស្នាក់នៅរបស់កងកម្លាំង ០១ខ្នង, បន្ទប់ទឹក ០១ខ្នង, បន្ទប់ម៉ាស៊ីនច្រោះទឹកស្អាត, ចាក់បេតុង ផ្លូវចូល, ចាក់បេតុងទីធ្លាមុខអគារធ្វើការ, ក្លោងទ្វារចូល, របងមុខជុំវិញ បំពាក់ឧបករណ៍សម្ភារផ្សេងៗ ក្នុងទីបញ្ជាការ។ 

លោកបានបញ្ជាក់ថា រហូតរួចរាល់ជាស្ថាបពរ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយប្រើប្រាស់ថវិកាចំណាយ ក្នុងការសាងសង់សរុបជារួមចំនួន ១៩៣,៥១៣ដុល្លារអាមេរិក ក្នុងនោះ ដំណាក់កាលទី១ អស់ថវិកាចំនួន ប្រមាណ៤០,០០០ ដុល្លារ និងដំណាក់កាលទី២ អស់ថវិកាចំនួន ១៥៣,៥១៣ ដុល្លារអារមេរិក។

 ថវិកាសម្រាប់សាងសង់សមិទ្ធផលទាំងអស់នេះ គឺបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ កងកម្លាំង នគរបាល និងសប្បុរសជនជាតិ អន្តរជាតិ ដែលបានចូលរួមកសាង។

 ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំនួសមុខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំការផ្តាំផ្ញើការនឹករលឹកសួរសុខទុក្ខ នឹងជូនពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ និងក្រុមគ្រួសារ ពិសេសកងកម្លាំងនគរបាលការពារ ព្រំដែន កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមជូនពរមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។ 

នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ និងការវិឌ្ឍន៍ថ្មីនៅក្នុងប្រទេស ជូនដល់កងកម្លាំងនគរបាលទាំងអស់ផងដែរ ដោយគូសបញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមបានរៀបចំផែនការញុះញង់ប្រជាពលរដ្ឋឲ្យធ្វើបាតុកម្មប្រឆាំងជាមួយរាជរដ្ឋាភិបាល តែផែនការនោះត្រូវបរាជ័យ ហើយសមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកពាក់ព័ន្ធមកចាត់ការតាមផ្លូវច្បាប់ផងដែរ។បន្ថែមពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗ មួយចំនួនផងដែរ រួមមាន៖* លើកម្ពស់ស្មារតីសាមគ្គីភាព គោរពវិន័យ និងមានមនសិការវិជ្ជាជីវៈ (អ្នកមានស្នាដៃ លើកទឹកចិត្តតែងតាំងជូនរង្វាន់ អ្នកខុសវិន័យព្រមានដាក់វិន័យ)* ត្រូវបន្ដយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ទប់ស្កាត់បទល្មើសឆ្លងដែន គ្រប់ប្រភេទដូចជា៖ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ គ្រឿងផ្ទុះខុសច្បាប់ និងបទល្មើសឆ្លងដែន។ល។

 * ត្រូវក្លាហានមោះមុត ប្ដេជ្ញាការពារ បូរណភាពទឹកដី និងអធិបតេយ្យជាតិ* ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ និងចូលរួមអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវិត្ថភាព* ត្រូវបង្កើនកិច្ចសហការល្អជាមួយភាគីវៀតណាម និងឡាវ ដោយផ្តល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមកឲ្យបានទាន់ពេលវេលាដោយក្នុងនោះ ត្រូវរួមគ្នាដោះស្រាយបញ្ហានានាដោយសន្តិវិធីស្របតាមសមត្ថកិច្ចរបស់ខ្លួនត្រូវរាយការណ៍តាមឋានុក្រមជូនថ្នាក់ដឹកនាំ, រួមគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែនឲ្យល្អប្រសើរ, ត្រូវចូលរួមកិច្ចប្រជុំតាមកំណត់ហេតុអង្គប្រជុំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន វៀតណាម និងអគ្គស្នងការដ្ឋាននគរបាលជាតិកន្លងមក, បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនៅតំបន់ព្រំដែនចេញ-ចូលប្រកបមុខរបរចិញ្ចឹមជីវិតសាកសួរសុខទុក្ខញាតិមិត្ត ព្យាបាលជំងឺ ដោយស្របតាមច្បាប់និងគោលការណ៍ ណែនាំរបស់អាជ្ញាធរ* ត្រូវសហការការពារសន្តិសុខជូនក្រុមការងារបច្ចេកទេសចម្រុះចុះវាស់វែង និងបោះបង្គោល ព្រំដែនឲ្យមានសុខសុវត្ថិភាពល្អ និងការពារ ថែរក្សាបង្គោលព្រំដែនឲ្យបានគង់វង្ស៕