2024-10-05 09:42
95

  ព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរចូលមកលេងកម្សាន្តខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ តុលា ឆ្នាំ២០២៤ នាឱកាសបុណ្យភ្ជុំបិណ្ឌសរុបមានចំនួន ១៧០.៥១៣នាក់ កើនឡើង៥,៦៣% បើធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំមុន។

   លោកប្រធានមន្ទីរ ទេសចរណ៍បានឱ្យដឹងទៀតថា ភ្ញៀវជាង១៧ម៉ឺននាក់នោះ មាន៖ភ្ញៀវជាតិ ១៦៥.៥៩៥នាក់ កើនឡើង៥,៤៤%  ភ្ញៀវអន្តរជាតិចំនួន ៤.៩១៨នាក់ កើនឡើង១២,៥៦%។ ដោយឡែកភ្ញៀវតាមបណ្តារឆ្នេរ និងរមណីយដ្ឋាននានាសរុប ១៦៨.១៥៤នាក់កើនឡើង៥,១៨% ក្នុងនោះ៖ភ្ញៀវជាតិ១៦៤.៩១០នាក់ កើនឡើង៧,៥៩%។ ភ្ញៀវបរទេសចំនួន ៣.២៤៤នាក់ ថយចុះ៩,៦៣%។

លោកប្រធានមន្ទីរទេសចរណ៍បានឲ្យដឹងបន្ថែមទៀតថា មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ចំនួន០៧ជើង ស្មើនឹង៤១០នាក់ កើនឡើង៩៤,៣១% ក្នុងនោះមានភ្ញៀវជាតិ០៨នាក់ កើនឡើង៣៣,៣៣% និងអន្តរជាតិ ៤០២នាក់ កើនឡើង៩៦,០៩%។ ចំពោះភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុបចំនួន១.៩៤៩នាក់ កើនឡើង៤៥,២៣% ក្នុងនោះ ភ្ញៀវជាតិ៦៧៧នាក់ ថយចុះ១១,៨៤%  
ភ្ញៀវអន្តរជាតិ ចំនួន ១.២៧២នាក់) កើនឡើង១២១,៦០%៕