2024-10-10 10:31
90

(កំពត)៖  នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤នេះឆ្លងកាត់ការស៊ើបការ និងត្រួតពិនិត្យរយៈពេល១ថ្ងៃកន្លះ ក្រុមការងារអង្គភាពប្រឆាំអំពើពុករលួយ និងក្រុមការងារអប្បមាទប្រចាំខេត្តកំពត រួមនឹងអាជ្ញាធរបានវាយតម្លៃថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពតប្រព្រឹត្តទៅក្នុងស្ថានភាព និងបរិយាកាសល្អប្រសើរជាងឆ្នាំមុន ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ អនុរក្ស និងបេក្ខជនគោរពវិន័យ អាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សប្រឡង។  

អនុប្រធានទទួលបន្ទុកការងារស៊ើបការប្រចាំខេត្តកំពត របស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ព្រំ សុរិទ្ធី បានវាយតម្លៃបានថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងទាំង១០ ក្នុងខេត្តកំពត មានសភាពល្អប្រសើរ ទាំងខាងក្រៅ និងខាងក្នុងមណ្ឌលប្រឡង ក្នុងរយៈពេល១ថ្ងៃកន្លះមកនេះ។

លោក ព្រំ សុរិទ្ធ បានបញ្ជាក់ថាការធ្វើកំណែទម្រង់ផ្សេងៗរបស់ក្រសួងអប់រំ បានពង្រឹងដល់គុណភាពនៃការសិក្សាសិស្ស ពិសេសតម្លៃនៃសញ្ញាបត្របាក់ឌុបនៅកម្ពុជា ឲ្យមានស្តង់ដាកាន់តែខ្ពស់។

កញ្ញា វណ្ណ ឆវិន តំណាងប្រធានក្រុមជំនួយការអប្បមាទខេត្តកំពត បានបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅខេត្តកំពតឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗ ទាំងការរៀបចំ និងការចូលរួមរបស់សិស្ស ក្នុងការគោរពវិន័យ គឺគ្មានសិស្សណាម្នាក់លាក់សំណៅឯកសារ ឬពេលអង្គុយប្រឡងងាកឆ្នេង ងាកស្តាំនោះទេ។

លោក ងួន សាវឿន ចៅសង្កាត់កំពង់បាយ បានបង្ហាញចំណាប់អារម្មណ៍ដែលថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ទទួលបានកន្លែងស្នាក់នៅផង អាហារហូបចុកផង ការយាមកង់ម៉ូតូមិនយកថ្លៃផង។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពតឆ្នាំ២០២៤នេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញរំពឹងថា បេក្ខជនប្រឡងនឹងប្រឡងជាប់ច្រើនជាងឆ្នាំមុន ពិសេសសិស្សនិទ្ទេស A និងកើនឡើង។(សឹង រ៉ាត់)