2024-10-10 13:37
100

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកគ្រាប់ពូជស្រូវដល់បងប្អូនប្រជាពលរដ្ឋរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង ក្នុងឃុំដំរីផុង ចំនួន ១៤០គ្រួសារ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នាទីអារាមវត្ត ដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

 ឯកឧត្តមនេត្រ ភក្ត្រា មានប្រសាសន៍ជម្រាបជូនថា គ្រាប់ស្រូវពូជ ដែលយកមកចែកជូនដល់បងប្អូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ គឺជាការផ្តល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអោយប្រជាកសិករមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីទទួលរងការខូចខាតដោយសារគ្រោះមហន្តរាយទឹក ជំនន់។លោកបានបញ្ជាក់ថា ការផ្តល់ពូជស្រូវ និងផ្តល់ការណែនាំលក្ខណៈបច្ចេកទេសដាំដុះដំណាំស្រូវឲ្យទទួលបានទន្និផលខ្ពស់ រហូតដល់ ៥តោន ក្នុង ១ហិចតា គឺជាការខិតខំប្រប្រែងរបស់ថ្នាក់ដឹកនាំរាជ រដ្ឋាភិបាល ក្នុងការសិក្សា ស្វែងរកពូជស្រូវល្អ មានគុណភាពខ្ពស់ចែកអោយប្រជាកសិករដាំដុះទទួលបានផលច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់យកថវិកាបង្កើនជីវភាពឲ្យកាន់តែល្អប្រសើរ។ 

ចំពោះកិច្ចការងារនេះ រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ចបានកាន់តែរឹងមាំ។ 

តាមរបាយការណ៍របស់លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានលើកឡើងពីស្ថិតិប្រជាពលរដ្ឋ ផ្ទៃដីស្តារឡើងវិញ និងត្រូវការគ្រាប់ពូជស្រូវ ឆ្នាំ២០២៤ រួមមាន៖*ទី១៖ ស្រុកឆ្លូង មាន ៧ឃុំ ៣៦ ភូមិ មានចំនួន ១ ៣២៥គ្រួសារ ផ្ទៃដីស្តារឡើងវិញ ១ ២៤០ហិកតា ត្រូវការស្រូវពូជ ១៣២.៥០០ គីឡូក្រាម*ទី២៖ ក្រុងក្រចេះ មាន ៣សង្កាត់ ១០ភូមិ មានចំនួន ១៨៣គ្រួសារ ផ្ទៃដីស្តារឡើងវិញ ១៩៤ហិកតា តម្រូវការស្រូវពូជ ១៨.៣០០ គីឡូក្រាម*ទី៣៖ ស្រុកព្រែកប្រសព្វ មាន ៧ឃុំ ៤៩ភូមិ ចំនួន ២ ១២១គ្រួសារ ផ្ទៃដីស្តារឡើងវិញ ២ ១៣១ ហិកតា តម្រូវការស្រូវពូជ ២១២.១០០ គីឡូក្រាម*ទី៤៖ ស្រុកសំបូរ ៤ឃុំ ១៣ភូមិ មាន៩២គ្រួសារ ផ្ទៃដីស្តារឡើងវិញ ១៧៩ តម្រូវការស្រូវពូជ ៩ ២០០គីឡូក្រាម *ទី៥៖ ស្រុកចិត្របុរី ១០ ឃុំ ៤៩ភូមិ មាន២.៣៩៨ គ្រួសារ ផ្ទៃដីស្តារឡើងវិញ ២.១២៦ តម្រូវការស្រូវពូជ ៦០៥.៧០០ គីឡូក្រាម៕