2024-10-11 09:23
90

អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ចង់ឱ្យលោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនចេញមុខបកស្រាយឱ្យច្បាស់លាស់ដល់សាធារណជនជុំវិញករណីមានជនជាតិចិនម្នាក់បានស្លាប់ដោយសារតែការធ្វើទារុណកម្មនៅក្នុងខេត្តនេះ។

 ប្រតិកម្មរបស់លោកស្រី បាន ស្រីមុំ នេះ គឺបន្ទាប់ពីលោក ផែង វណ្ណៈ បានសរសេរផ្សព្វផ្សាយជាបន្តបន្ទាប់ពីភាពមិនប្រក្រតីនៃករណីនេះ ដោយភ្ជាប់ទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

«ករណីនេះ លោកស្នងការគួរជួបផ្ទាល់បញ្ជាក់បង្ហាញឯកសាររឿងហេតុ ចាប់ផ្តើមចេញពីណា និងរបាយការណ៍តាមដំណាក់កាលនីមួយៗឱ្យមហាជនឃើញច្បាស់លាស់ ខ្ញុំបានតាមដានដោយយកចិត្តទុកដាក់ ហើយក៏ដឹងរឿងខ្លះៗដែរ ទោះបីកម្លាំងមួយមិនគោរពឋានានុក្រម គ្មានកិច្ចសហការជាមួយខេត្ត និងបានអនុវត្តតាមចិត្ត មិនបានរាយការណ៍មកគណបញ្ជាការឯកភាពខេត្តក៏ដោយ»។ 

នេះ គឺជាសំណេររបស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅលើហ្វេសប៊ុករបស់លោកស្រីនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដោយភ្ជាប់ជាមួយការចែករំលែកបន្តការផ្សព្វផ្សាយព័ត៌មានរបស់លោក ផែង វណ្ណៈ។

លោកស្រី បាន ស្រីមុំ ជំរុញឱ្យលោកស្នងការខេត្តប៉ៃលិនចេញមកបញ្ជាក់ឱ្យច្បាស់ជូនមហាជន កុំនៅសំងំស្លូតទៀត ព្រោះលោកស្រីមិនចង់ឃើញភាពអយុត្តិធម៌ណាមួយ ដោយលោកស្នងការបានខិតខំអនុវត្ត ហើយជាន់ដានទទួលរងគ្រោះនោះទេ។ លោកស្រី បានសង្កត់ធ្ងន់ថា៖ «យុត្តិធម៌ត្រូវតែមាន ខ្ញុំការពារមន្រ្តីល្អ ខ្ញុំអាចវាយតម្លៃបានថា លោកស្នងការ ជាមន្រ្តីអាចទទួលយកបានក្នុងកិច្ចសហការក្នុងនាមកម្លាំងសេនាធិការរដ្ឋបាលខេត្ត»។

បើទោះជាលើកឡើងបែបនេះក្តី ប៉ុន្តែ លោកស្រី បាន ស្រីមុំ បានអះអាងថា ករណីនេះ លោកស្នងការត្រូវទទួលខុសត្រូវលើចំណុចទុកចិត្តលើជំនាញក្រោមឪវាទពេក ដោយលោកស្រីគូសបញ្ជាក់«តាមខ្ញុំដឹងរឿងហេតុនេះ លោកចូលក្នុងរូបភាពពាក់កណ្តាលសាច់រឿងទេ អ្នកផ្តើមសាច់រឿងដូចសំងំស្ងៀម ចេញបញ្ជាក់បង្ហាញឱ្យច្បាស់លាស់ ពីភាពត្រឹមត្រូវដឹងប៉ុណ្ណាបញ្ជាក់ប៉ុណ្ណឹង ដើម្បីការពារកិត្តិយស»។ 

សម្រាប់លោកស្រីអភិបាលខេត្ត ឯកសាររបស់ស្នងការ គឺគ្រាន់ជាធាតុតូចមួយបញ្ជាក់ហេតុផលជូនមហាជនជ្រាប ដោយឡែកឯកសារជំនាញមានច្រើន មិនអាចបង្ហាញលើបណ្តាញសង្គមបានឡើយ។

សូមបញ្ជាក់ថា ករណីស្លាប់ជនជាតិចិនម្នាក់ដោយការធ្វើទារុណកម្មនេះ ត្រូវលាតត្រដាងឱ្យដឹងដោយលោក ផែង វណ្ណៈ នៅលើហ្វេសប៊ុក។

 លោក ផែង វណ្ណៈ បានលើកឡើងពីភាពមិនប្រក្រតីនៃការអនុវត្តការងារបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងភាពមិនប្រក្រតីនៃការធ្វើរបាយការណ៍កោសល្យវិច័យលើសាកសពជនជាតិចិនដែលស្លាប់បាត់នោះ។ ចំពោះករណីនេះ ស្នងការនគរបាលខេត្តប៉ៃលិន បានចេញមកបំភ្លឺជុំវិញដំណើរការធ្វើកោសល្យវិច័យថា ធ្វើបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ 

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ថែមទាំងគូសបញ្ជាក់ទៀតថា កម្លាំងនគរបាលជំនាញ បានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដោយពុំមានការធ្វេសប្រហែសឡើយ ហើយថា បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តការស៊ើបអង្កេត ដើម្បីស្រាវជ្រាវរកជនសង្ស័យ និងបុគ្គលដែលពាក់ព័ន្ធយកមកអនុវត្តតាមច្បាប់។

មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ស្នងការនគរបាលខេត្តប៉ៃលិន នឹងបកស្រាយលម្អិតបន្ថែមជុំវិញករណីនេះបែបណានោះទេ ដើម្បីឱ្យដឹងសខ្មៅ។ 

ប៉ុន្តែ បើទោះជាយ៉ាងណាក៏ដោយចុះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងតែដំណើរការនីតិវិធីស្រាវជ្រាវលើករណីនេះហើយ បន្ទាប់ពីមានបទបញ្ជាពីលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕