(កំកែប) ៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកែប ក្រោមការរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើពិធីប្រកាសបិទផ្សាយជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យក្បាលដី ស្ថិតក្នុងភូមិអង្កផល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលពិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណវត្តអង្កោល។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា គោលនយោបាយលើវិស័យដីធ្លីគឺជាកិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន រហូតបន្តមកដល់អាណត្តិថ្មីគឺសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសម្តេចនៅតែមានកិច្ចចង្អុលការយ៉ាងម៉ឺងម៉ាត់មកគណៈកម្មការសូរិយោដីខេត្ត គណៈកម្មការដីរដ្ឋ មន្ទីរជំនាញ ដើម្បីធ្វើយ៉ាងណាពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានលឿនបំផុត។
ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែប បានបន្តថា ក្រោយពីបានពិគ្រោះដោយយកចិត្តទុកដាក់ជាមួយមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរក្រុង-ស្រុកក្នុងខេត្ត និងអ្នកដែលពាក់ព័ន្ធគឺត្រូធ្វើយ៉ាងណាពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងខេត្តកែប ឱ្យបានគ្រប់នៅក្នុងឆ្នាំ២០២៥ ដើម្បីឱ្យស្របទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែគិតគូរជានិច្ចពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
បើយោងតាមរបាយការណ៍របស់លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឱ្យដឹងថា ក្នុងភូមិអង្កោលមានក្បាលដីសរុបរួម ចំនួន ១,៨៥៨ ក្បាលដី ក្នុងនោះ ក្បាលដីចុះបញ្ជីដីធ្លីដាច់ដោយដុំ មានចំនួន ២០៣ ក្បាលដី និងក្បាលដីចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ មានចំនួន ១,៦៥៥ ក្បាលដី។(សឹង រ៉ាត់)