2024-10-13 11:10
23

តាកែវ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែនាពេលខាងមុខនេះ រដ្ឋបាលខេត្តតាកែវ បាន សម្រេចយកថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ។ 

នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំផ្សព្វផ្សាយរបស់គណៈកម្មការនិងអនុគណៈកម្មការរៀបចំពីធីប្រណាំងទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ នៃរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៤ ម្សិលមិញនេះ។

ក្នុងកិច្ចប្រជុំនេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវជាមួយគណៈកម្មការ និងអនុគណៈកម្មការ បានសម្រេចយកថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែនៅបឹងតាកែវ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

បើតាម គណៈកម្មការ រៀបចំ ទូកដែលត្រៀមចូលរួមប្រណាំងមានចំនួន ៤៧ ទូក ដែលមកពីបណ្ដាស្រុកក្រុងទាំង១០ ចំនួន២០ទូក និងតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តចូលរួមប្រឡងប្រណាំងផងដែរដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ៕