2024-10-29 09:45
55

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រសួងធម្មការនិងសាសនា មានសម្ព័ន្ធភាពជាមួយអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំគណៈប្រតិភូសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាជូនកងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារ នៃអគ្គបញ្ជាការ ដែលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះលោកបណ្ឌិត ចាយ បូរិន បាននាំមកនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងកម្លាំងនៃអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ពិសេសកងទ័ពសមរភូមិមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយសម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងបំពេញការងារតាមភារកិច្ចរៀងៗខ្លួននៅគ្រប់ទីកន្លែង។

លោកបណ្ឌិតបានបន្តថា ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជការនាពេលនេះ គឺជាការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវទំនាក់ទំនងល្អ និងលើកទឹកចិត្តកកងទ័ពដែលឈរជើងនៅទីតាំងបញ្ជូនសារនេះផងដែរ ។