2024-10-31 10:31
54

ខេត្តប៉ៃលិន ៖ នាសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៤នេះ គេសង្កេតឃើញ រថយន្តក្រុងរបស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមការឧបត្ថម្ភពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានបន្តដឹកព្រះសង្ឃ សិស្ស និស្សិត ទៅបន្តការសិក្សានៅគ្រឹះស្ថានសិក្សានានាជារៀងរាល់ថ្ងៃ(សៅរ៍-អាទិត្យ) ក្នុងខេត្តបាត់ដំបង ដោយសុវត្ថិភាព និងឥតគិតថ្លៃផងដែរ។

ប្រជាពលរដ្ឋដែលមានកូនៗធ្វើដំណើរទៅរៀនបន្តនៅសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង ជាពិសេសអ្នករៀនថ្ងៃសៅរ៍ អាទិត្យ បានរៀបរាប់ឱ្យដឹងនាព្រឹកថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៤នេះថា ៖ ពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលនៅក្នុងខេត្តប៉ៃលិន មានរថយន្តក្រុងដឹកព្រះសង្ឃ សិស្ស និស្សិត ទៅបន្តការសិក្សានៅខេត្តបាត់ដំបងដោយឥតគិតថ្លៃ ដែលធ្វើឱ្យគាត់ធូរស្រាល ពីការចំណាយថ្លៃសាំង និងមានសុវត្ថិភាពល្អ ដែលសកម្មភាពនេះអាចដំណើរការយ៉ាងរលូនទៅបាន គឺក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដែលកាលពីមុនមិនធ្លាប់មានបែបនេះទេ។ 

ជាមួយនិងការជួយជ្រោមជ្រែងពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ពិតជាបានធ្វើឱ្យគ្រួសាររបស់ពួកគាត់សល់ថវិកា ជារៀងរាល់សប្តាហ៍ ដោយកាលពីមុន ពេលកូនៗ ជិះម៉ូតូទៅរៀនម្តងៗ ត្រូវចំណាយយ៉ាងតិច៥ទៅ៦ម៉ឺនរៀលក្នុង១សប្តាហ៍ ពោលគឺចំណាយទៅលើការហូបអាហារ ថ្លៃបន្ទប់ជួល និងថ្លៃសាំងម៉ូតូថែមទៀត ដែលធ្វើឱ្យគ្រួសារពួកគាត់ស្ទើរតែរកថវិកាឱ្យកូនរៀនមិនទាន់នោះឡើយ ជាមួយគ្នានោះក៏បារម្ភពីបញ្ហាសុវត្ថិភាពតាមដងផ្លូវផងដែរ។ 

ប៉ុន្តែក្រោយពីទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវអភិបាលខេត្តប៉ៃលិនធ្វើឱ្យគាត់សល់ថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនិងអាចឱ្យកូនៗ បន្តការសិក្សាទៅមុខទៀតរហូតដល់ចប់ចុងចប់ដើមនៅសកលវិទ្យាល័យតែម្តង៕