2024-10-31 14:20
62

កំពង់ស្ពឺ៖ ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអញ្ជើញពិធីប្រកាសតែងតាំងមុខតំណែងអធិការនគរបាលក្រុងច្បារមន នារសៀលថៃ្ងទី៣០ តុលា ២០២៤ នៅរដ្ឋបាលក្រុងច្បារមន លោកវរសេនីយ៍ទោ យ័ន្ត សង្ហារ អត្ដលេខ ៧៨៤៦៨ ត្រូវបានផ្លាស់ប្តូរពីអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកជា «អធិការនគរបាលក្រុងច្បារមន» នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺជំនួសលោកវរសេនីយ៍ទោ សំអាង ផានី ដែលផ្លាស់ប្ដូរទៅបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺវិញ។

ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអធិការនគរបាលក្រុងច្បារមនថ្មីដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង ទទួលដឹកនាំទិសក្រុងច្បារមន លោក ស្នងការរង ទទួលផែនការងារជំនាញលោក អភិបាលក្រុងច្បារមន លោកប្រធាន ក្រុមប្រឹក្សាក្រុងច្បារមន លោកអធិការនគរបាលក្រុង ស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថ  មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងក្រុងច្បារមន លោកអធិការរង ចំណុះក្រុងច្បារមន លោកនាយ នាយរងផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៥ ចំណុះ លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនទៀត។ 

យោងតាមប្រកាស លេខ ៦៤៩៣ ប្រ.ក ចុះថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកវរសេនីយ៍ទោ យ័ន្ត សង្ហារ អត្ដលេខ ៧៨៤៦៨ ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកជាអធិការ នគរបាលក្រុងច្បារមន នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជំនួសលោកវរសេនីយ៍ទោ សំអាង ផានី ដែលផ្លាស់ប្ដូរទៅបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ 

លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានផ្ដាំផ្ញើ និងចូលរួមអបអរសារទរ ចំពោះលោកវរសេនីយ៍ទោ យ័ន្ត សង្ហារដែលត្រូវបានថ្នាក់ដឹកនាំតែងតាំងប្រគល់ភារកិច្ចនាឱកាសនេះ។

លោកអភិបាលក្រុងបានលើកឡើងថា៖ «ថ្នាក់លើទុកចិត្ដ ផ្ដល់ទំនុកចិត្ដ ទើបប្រគល់ភារកិច្ចជូន» និងបានលើយកនូវទិសស្លោកមួយឃ្លាទៀតថា «សត្វស្វា គឺសត្វស្វាក្មេង និងសត្វស្វាចាស់» នេះជាពាក្យន័យធៀបសូមគិតថា មែកឈើមិនប្រាកដថាមិនពុកផុយនោះទេ សូមប្រយ័ត្នគ្រប់ពេលវេលា។

លោកឧត្ដមសេនីយ៍ទោ  ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា៖ បានធ្វើការកត់សម្គាល់ និងណែនាំផ្តល់ជាអនុសាសន៍ថា «អ្នកមកក្រោយរៀនសូត្រពីគ្នាអ្នកចាស់មុនៗ ពិសេសកត្ដាសាមគ្គីភាព និងចេះទទួលខុសត្រូវ និងអនុវត្ដឱ្យស្របតាមគោលការណ៍ ទាំងកិច្ចការជំនាញ-មូលដ្ឋានប្រធានអង្គភាពគឺជាអ្នកទទួលខុសត្រូវមុនគេលើកិច្ចការទាំងអស់ក្នុងនោះ ការសិក្សាស្វែងយល់អំពីទឹកចិត្ដមន្រ្ដី ទាំងក្ដៅត្រជាក់ ចេះចុះសួរសុខទុក្ខ និងគាំពារមន្រ្ដីក្រោមឱវាទ ការកសាងអង្គភាព ការប្រជុំដកបទពិសោធន៍ និងការពិនិត្យផែនការទិសដៅការងារដែលបានដាក់ និងលើកទិសដៅអនុវត្ដបន្ដមនុស្សណាក៏ចេះខុសនិងមានកំហុសដែរតែការខុសគឺត្រូវបានកាត់បន្ថយអោយនៅកម្រិតទាបបំផុត»។
 

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ  បានលើកទឹកចិត្ដឱ្យមានការកសាងអង្គភាពជាមុន តាមលទ្ធភាពជាក់ស្តែងលោកគាំទ្រចូលរួមឧបត្ថម្ភជាថវិកាតាមលទ្ធភាពជាក់ស្តែង។ 

នាឱកានោះលោកក៏បានប្រគល់នូវថវិកាឧប្ថម្ភដល់ អធិការដ្ឋាននគរបាលក្រុងច្បារមនរដ្ឋបាលក្រុងច្បារមននិងអង្គភាពបញ្ជាការដ្ឋានព្រមទាំងថតរូបអនុស្សារីយ៍ផងដែរ៕