2024-11-03 12:17
57

ភ្នំពេញ៖ មិនទាន់មួយឆ្នាំផង ពោលគឺត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤ នេះមន្រ្តីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជាបានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វាព្រំដែនគោក និងអាកាសរហូតទៅដល់ ៤.៨៤៩.៩២២ នាក់ ស្មើនឹង ២១៧ សញ្ជាតិ កើនឡើង ៦,៧៦% ក្នុងនោះ ភ្ញៀវទេសចរ មានចំនួន ៣.៧៦៧.៥១៨ នាក់ ស្មើនឹង ៧៧,៦៨%។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ដោយឡែកក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៤ នោះដូចគ្នា លោក ទូច សុឃៈ បានឱ្យដឹងទៀតថា ក៏មានជនបរទេស ចំនួន ១.០២៤ នាក់ ស្មើនឹង ៧៨ សញ្ជាតិ ត្រូវបានមន្រ្តីអន្តោប្រវេសន៍បដិសេធការផ្តល់ទិដ្ឋាការ និងបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

បន្ទាប់ពីបានរកឃើញពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា រកឃើញការប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី មានគោលបំណងមិនច្បាស់លាស់និងមិនគ្រប់លក្ខណៈសម្បត្តិឱ្យចូលប្រទេស។ 

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងដែរលទ្ធផលការងារក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ នេះបានសម្រេចឡើង បើទោះបីជាសភាពការណ៍សន្តិសុខពិភពលោកនៅតែបន្តភាពស្មុគស្មាញក្នុងនោះសង្គ្រាមរវាង រុស្សី-អ៊ុយក្រែននិងសង្គ្រាមរវាងអ៊ីស្រាអែលនិងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួនក៏បាននិងកំពុងបន្តការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ 

បន្ថែមពីលើនេះ ប្រទេសក្នុងតំបន់មួយចំនួនបានរងគ្រោះធម្មជាតិ។ 

វិបត្តិទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ជាសកល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

តែទោះជាយ៉ាងនេះក្តី លោក ទូច សុឃៈ បានគូសបញ្ជាក់ថា «ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តរក្សាបានសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កបរិយាកាសដល់ដំណើរការប្រទេសទៅតាមវិស័យនីមួយៗប្រព្រឹត្តទៅដោយរលូន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល ភាពឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។ 

ជាមួយគ្នានោះ ដើម្បីសម្រួលដល់ការលំបាក និងដោះស្រាយរបាំងនានាដែលប៉ះពាល់ដល់អ្នកដំណើរចេញ ចូល រួមមាន ការពង្រឹងសេវាកម្មអន្តោប្រវេសន៍ នៅតាមច្រកទ្វារអន្តរជាតិ លុបបំបាត់បាតុភាពអសកម្ម និងការសម្រួលបែបបទអោយបានងាយស្រួល ប្រមុខរាជរដ្ឋាភិបាល ការដាក់ឱ្យដំណើរការប្រព័ន្ធសាលក្របត្រអេឡិចត្រូនិកចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ដែលបានដាក់ឱ្យអនុវត្តជំហានដំបូងនៅតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់បន្ថែមថា៖ ក្នុងរយៈពេលថ្មីៗនេះ មានសាធារណមតិមួយចំនួនបានលើកឡើងថា «សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍បានធ្វើការបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជា និងមិនផ្តល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នចំពោះជនបរទេសសញ្ជាតិ ឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស និងឥណ្ឌូនេស៊ី ជាដើម»។ 

ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ជូនថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ពុំមានគោលការណ៍ហាមឃាត់ការធ្វើដំណើរចូលព្រះរាជាណាចក្រកកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេសនៃប្រទេសណាមួយឡើយ រួមទាំងជនបរទេសសញ្ជាតិខាងលើផងដែរ»។ 

ប៉ុន្តែផ្អែកតាមច្បាប់ស្តីពី អន្តោប្រវេសន៍ និងអនុក្រឹត្យ លេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៦ ស្តីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេស មិនមែនអន្តោប្រវេសន្ត ចូល ចេញ និងស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ អាចបដិសេធជនបរទេសណាម្នាក់ ចូលព្រះរាជាណាចក្រកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ក្នុងករណីដែលមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌដែលបានចែងក្នុងច្បាប់និងអនុក្រឹត្យដូចបានបញ្ជាក់ជូនខាងលើដូចជា៖ប្រវត្តិនៃការធ្វើដំណើរមិនច្បាស់លាស់ឬគោលបំណងនៃការធ្វើដំណើរមិនច្បាស់លាស់ ឬខ្វះលទ្ធភាពចិញ្ចឹមខ្លួនក្នុងពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគ្មានអ្នកធានាជួយដោះស្រាយ ឬអាជ្ញាធរសមត្ថកិច្ចមានហេតុផលគ្រប់គ្រាន់ជឿថានឹងប្រព្រឹត្ត ឬបានប្រព្រឹត្តសកម្មភាពធ្វើឱ្យខូចផលប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម និងធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ អន្តរជាតិ៕