2024-11-03 12:23
56

ភ្នំពេញ៖ រដ្ឋបាលជនផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំដល់ឱ្យម្ចាស់អាជីវកម្មនេសាទដោយប្រើឧបករណ៍នេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទ នៅតាមដងទន្លេ បឹងបូរ ស្ទឹង ព្រែកនានា ឱ្យបានជ្រាបថា «នៅពេលនេសាទបាននូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ មានដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីប៉ាសាណាក ត្រីកន្ត្រប់ខ្លា ឬប្រភេទត្រីកម្រផ្សេងទៀត ត្រូវផ្តល់ព័ត៌មានដល់មន្ត្រីជំនាញជលផល ឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ»។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ។

រដ្ឋបាលជលផលបានធ្វើការណែនាំដល់អាជីវករដែលធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍នេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបូរ ស្ទឹង ព្រែកនានា ឱ្យបានជ្រាបថា នៅពេលនេសាទបាននូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ជាអាទិ៍ ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីប៉ាសាណាក ត្រីកន្ត្រប់ខ្លា ឬប្រភេទត្រីកម្រផ្សេងទៀត សូមផ្តល់ព័ត៌មានដល់មន្ត្រីជំនាញ ជលផលឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ សម្រាប់បង្កើនផលស្តុកត្រីឱ្យកាន់តែសម្បូរ និងនិរន្តរភាពធនធានជលផល។ 

ទន្ទឹមនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា៕