2024-11-05 11:05
110

រាជធានីភ្នំពេញ៖ ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយដល់កុមារ ក៏ដូចឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយក្នុងព្រះរាជពិធីបុណ្យអុំទូកទូកនាពេលខាងនេះ រដ្ឋបាលរាជធានីភ្នំពេញបានកំពុងមមាញឹកធ្វើការជួសជុល ផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេង ដោយកែលម្អរសួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបុទុមវតីឱ្យបានរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី៤ ខែវិច្ឆិកានេះថា ដោយមានការគិតគូយ៉ាងយកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ លោកបានណែនាំឱ្យផ្នែកជំនាញ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេងដោយធ្វើការកែលម្អរសួនកុមារវត្តភ្នំនិងសួនមុខវត្តបុទុមវតីឱ្យបានស្អាតនិងមានសោភ័ណ្ឌភាពល្អឡើងវិញសម្រាប់កុមារមកលេងកម្សាន្តក្នុងពិធីបុណ្យ។ 

មន្ត្រីដដែលបានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតីនេះ កន្លងមកសម្ភារៈសម្រាប់ក្មេងលេងមានការសឹករិចរិល ដូចជាបាដាងដុំបង្វិល និងរបករបើកថ្នាំជាដើម ដែលត្រូវធ្វើការផ្លាស់ប្ដូរថ្មីនិងជួសជុលផ្នែកខ្លះព្រមទាំងលាង សម្អាតបាញ់ថ្នាំឡើងវិញឱ្យបានស្អាតនិងមានសោភណ្ឌភាពដូចថ្មី ។ 

មន្ត្រីជំនាញខាងលើបានបញ្ជាក់ទៀតថា ការងារជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេង និងកែលម្អរនៅសួនកុមារវត្តភ្នំនិងសួនមុខវត្តបុទុមវតីនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ ខែ តុលា ២០២៤ ដែលក្រុមការងារកំពុងខិតខំឱ្យរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃ១៤ដល់១៦វិច្ឆិកាខាងមុខនេះ ។

គួរបញ្ជាក់ថាសួនកុមារវត្តភ្នំនិងសួនកុមារមុខវត្តបទុមវតីត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកសាងឡើងកាលពីអំឡុងឆ្នាំ២០០៤-២០០៥ មកដល់ពេលនេះមានរយៈពេល ប្រមាណ២០ឆ្នាំហើយ។ 

ជាមួយគ្នានោះក្នុង ពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញមាន ការជួសជុលជាបន្តបន្ទាប់ដែរតែសម្រាប់ឆ្នាំ២០២៤នេះ ជួសជុលលក្ខណៈទ្រង់ទ្រាយធំ ដែលកន្លែងខ្លះត្រូវរើចេញនិងតម្លើងថ្មីតែម្តង៕