2024-11-05 13:39
151

ហុងកុង (ស៊ីអ៊ិនអ៊ិន) ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអាពាហ៍ពិពាហ៍របស់ប្រជាជនត្រូវបានកត់ត្រាថា នៅក្នុងប្រទេសចិនកំពុងតែស្ថិតនៅក្នុងការធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឆ្នាំនេះបើទោះបីជាមានយុទ្ធនាការពីរាជរដ្ឋាភិបាលចិន នៅក្នុងការជម្រុញទៅលើអាពាហ៍ពិពាហ៍ និងលើកទឹកចិត្តទៅដល់ការសម្រាលកូនរបស់ប្រជាជនខ្លួនយ៉ាងណាក៏ដោយ។

អាត្រានៃការថយចុះនៃអាពាហ៍ពិពាហ៍ និងការមានកូនរបស់ប្រជាជនចិនកំពុងតែបង្កឲ្យមានការព្រួយបារម្ភក៏ដូចជាការប្រឈមដ៏ធំមួយដល់ទីក្រុងប៉េកាំងដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃការថយចុះនៃកម្លាងពលកម្ម និងចំនួនប្រជាជនវ័យចំណាស់ទៅលើសេដ្ឋកិច្ចដែលកំពុងតែធ្លាក់ចុះរបស់ប្រទេសចិន។

ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេល២ ឆ្នាំជាប់ៗគ្នា ហើយអត្រានៃការបង្ករកំណើតកាលពីឆ្នាំមុនរបស់ប្រជាជនចិន គឺទាបបំផុតចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតក្នុងឆ្នាំ១៩៤៩។ 

ប៉ុន្តែកាលពីនៅឆ្នាំ២០២២ ប្រទេសនេះត្រូវបានវ៉ាដាច់ឥណ្ឌា ដែលជាប់ឈ្មោះជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។

ដើម្បីទប់ទល់ទៅនឹងការធ្លាក់ចុះនេះ មន្រ្តីចិនបានដាក់ចេញនូវវិធានការមួយចំនួនដូចជាការការលើកទឹកចិត្តទៅដល់ប្រជាជនទាក់ទងទៅនឹងផ្នែកហិរញ្ញវត្ថុ រហូតឈានទៅដល់ការធ្វើនូវយុទ្ធនាការឃោសនា ដើម្បីជាការបញ្ចុះបញ្ចូលឲ្យយុវជនរបស់ខ្លួនឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍និងការបង្កកំណើតផងដែរ។ ដោយក្នុងនោះមន្ត្រីចិនបានព្យាយាមកាត់បន្ថយនូវប្រពៃណីនៃការបង់ប្រាក់ “ថ្លៃកូនក្រមុំ” ពីកូនកំលោះចំពោះគ្រួសារអនាគតប្រពន្ធរបស់គេ ដោយហេតុថាដោយសារតែអាពាហ៍ពិពាហ៍ភាគច្រើនមិនសូវជាមានភាពអំណោយផលនោះទេ សម្រាប់បុរសដែលមានជីវភាពខ្វះខាតដែលច្រើនតែរស់នៅតាមតំបន់ជនបទ។

ប៉ុន្តែរហូតមកដល់ពេលនេះ យុទ្ធនាការទាំងនេះរបស់មន្ត្រីចិនត្រូវបានបរាជ័យនៅក្នុងការបញ្ចុះបញ្ចូលយុវជនរបស់ខ្លួន ដែលភាគច្រើនពួកគេកំពុងតែជួបប្រទះក៏ដូចជាប្រឈមទៅនឹងភាពអត់ការងារធ្វើខ្ពស់ និងកង្វះនូវការគាំទ្រផ្នែកសុខុមាលភាពសង្គម ស្របពេលដែលសេដ្ឋកិច្ចចិនកំពុងតែមានការធ្លាក់ចុះ។

គួរបញ្ជាក់ថា ចិនមិនមែនជាប្រទេសតែមួយដែលកំពុងតែជួបប្រទះជាមួយនឹងការធ្លាក់ចុះនៃអត្រារៀបការនិងការបង្កកំណើតនោះទេ។ 

ប៉ុន្តែក្នុងនោះ រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងកំពុងតែប្រឈមទៅនឹងបញ្ហានេះផងដែរ។ 

ដោយបច្ចុប្បន្ន ប្រទេសទាំងនេះក៏កំពុងតែធ្វើការដាក់ចេញនូវវិធានការលើកទឹកចិត្តទៅដល់ការបង្កកំណើត ក៏ដូចជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងប្រាក់ឧបត្ថម្ភនៅក្នុងការបង្ករកំណើតក៏ដូចជាការមើលថែកុមារផងដែរ។