2024-11-07 02:11
9

ភ្នំពេញ៖ បុរសជាប្តីរួមជាមួយស្រីកំណាន់ បានព្រួតគ្នាប្រើអំពើហិង្សាលើប្រពន្ធដើម រហូតបណ្តាលឱ្យរលូយកូនដែលទើបចាប់កំណើតប្រមាណរយៈពេល២ខែក្នុងផ្ទៃ ខណៈស្ត្រីជាប្រពន្ធដើមតាមទាន់ប្តីរបស់ខ្លួនកំពុងសំងំសោយសុខក្នុងផ្ទះរបស់ស្រីស្នេហ៍ក្នុងខណ្ឌសែនសុខ។

ហេតុការណ៍បង្កភាពភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២១និង៤០នាទី នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងបុរី «មហាសែនសុខ» ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នារីរងគ្រោះត្រូវបានបុរសជាប្តី និងស្រីស្នេហ៍ ព្រួតគ្នាវាយទាត់ធាក់យ៉ាងព្រៃផ្សៃ រហូតបណ្តាលឱ្យមានឈាមហូតហូរធ្លាក់តាមទ្វាមាសយ៉ាងច្រើន ដោយសារការលូតកូនក្នុងផ្ទៃ ដែលទើបមានអាយុប្រមាណ២ខែប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍ បាននិយាយថា ស្ត្រីរងគ្រោះមានផ្ទៃពោះរយៈពេល២ខែ បាននាំកូនប្រុស-ស្រី និងបងប្អូនទៅតាមរកប្តីដល់ផ្ទះស្រីស្នេហ៍របស់ប្តី នៅក្នុងបុរីមហាសែនសុខ និងបានគោះទ្វារផ្ទះហៅប្តីរបស់គាត់ ដើម្បីឱ្យចេញមកក្រៅនិយាយគ្នាឱ្យបានច្បាស់លាស់ ស្រាប់តែស្រីស្នេហ៍របស់ប្តីបើកទ្វារចេញមកឈ្លោះទាស់ពាក្យសម្តីគ្នាយ៉ាងតឹងសសៃក ក៏ឈានដល់ការប្រើអំពើហិង្សាលោតធាក់លើប្រពន្ធដើម។ ប្រភពបន្តទៀតថា ឃើញស្ថានការណ៍ប្រពន្ធខ្លួនវ៉ៃប្រពន្ធខ្លួនបែបនេះ បុរសប្តីបានរត់ចេញមកជួយប្រពន្ធលួចលាក់វាយប្រពន្ធដើម ព្រមទាំងឡើងជង្គង់ចំពោះ បណ្តាលឲ្យហូរឈាមដាបពេញខាងមុខផ្ទះ និងបានរលូតកូនក្នុងផ្ទៃ។

តាមសាច់ញាតិស្ត្រីរងគ្រោះបាននិយាយថា មុនឈានដល់ស្ត្រីរងគ្រោះតាមរកប្តីដល់ផ្ទះស្រីស្នេហ៍នេះ ប្តី-ប្រពន្ធនេះ មានទំនាស់មិនចុះសម្រុងគ្នាបានដាក់ពាក្យសុំលែងលះនៅសាលាសង្កាត់ ហើយអាជ្ញាធរភូមិ-សង្កាត់បានជួយសម្របសម្រួលដោយភាគីប្តីសុខចិត្តធ្វើកិច្ចសន្យាឈប់ទាក់ទងជាមួយស្ត្រីស្នេហ៍  ទើបស្ត្រីជាប្រពន្ធជឿជាក់ និងទុកចិត្តប្តីវិញ។

បន្ទាប់ធ្វើកិច្ចសន្យាបានមួយរយៈស្រាប់តែភ្លេចត្រចៀក ប្តីកំហួចនឹកឆ្នាំងថ្មី លួចផ្សារភ្ជាប់ទំនាក់ទំនងសារជាថ្មី ត្រូវស្ត្រីជាប្រពន្ធមានការសង្ស័យ ទើបតាមដានដឹងថាប្តីលួចមានស្រី នៅបុរី «មហាសែនសុខ»  ទើបស្ត្រីរងគ្រោះនាំកូនប្រុស-ស្រីមានបំណងទៅដល់ផ្ទះស្រីស្នេហ៍របស់ប្តី ដើម្បីនិយាយឱ្យដាច់ស្រេចថានៅជាមួយប្រពន្ធកូន ឬនៅជាមួយស្រីស្នេហ៍ និងទាមទាម៉ូតូដែលទិញឱ្យប្តីជិះយកមកវិញ ប៉ុន្តែត្រូវប្តីចិត្តអប្រិយ៍ និងស្រីស្នេហ៍រួមដៃគ្នាប្រើអំពើហិង្សាយ៉ាងសាហាវឃោរឃៅ រហូតរលូតកូនក្នុងផ្ទៃ ទើបចាប់កំណើតបាន២ខែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ បុរសជាប្តី និងស្រីស្នេហ៍ដែលប្រើអំពើហិង្សាលើប្រពន្ធយកទៅធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕