ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅថា CDC បានចេញរបាយការណ៍ថា៖ «ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន ៣០ គម្រោង និងគម្រោងពង្រីកផលិតកម្ម ចំនួន ០១ គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ ២២៦ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៦ ពាន់កន្លែង»។
CDC បានបញ្ជាក់ក្នុងរបាយការណ៍ថា៖ «ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស មានចំនួន ១០ គម្រោង»។
ជាការកត់សម្គាល់ គម្រោងវិនិយោគទាំង៣១ មានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ចំនួន ១, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខាសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ និង គម្រោងផ្សេងៗដូចមានរាយលម្អិតតាមអនុវស័យខាងក្រោម។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែតុលា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥៣,៣៩% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់២៩,៤៧% នៃទុនវិនិយោគសរុប៕