2024-11-08 12:11
8

តាកែវ៖ មន្ត្រីជាន់ខ្ពស់បម្រើការងារក្នុងរដ្ឋបាលខេត្តតាកែវម្នាក់ និងកូកចៅ ចំនួន ០២នាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយសារជាប់ពាក់ព័ន្ធករណី «រំលោភអំណាច និងភាពមិនប្រក្រតីក្នុងការបំពេញការងារ» និង «សម្អាតប្រាក់»។

មន្ត្រីជាន់ខ្ពស់ និងគូរកនដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួចចាប់ខ្លួននោះ រួមមាន៖ លោក ហេង វុទ្ធី មានតួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ រដ្ឋបាលខេត្តតាកែវ និងមន្ត្រីជិតស្និតរបស់លោក ចំនួន ០២នាក់ទៀត មានឈ្មោះ ម៉ម វិចិត្រ និងឈ្មោះ ប៊ុន ធឿន។ 

តាមការប្រភពព័ត៌មាន បានឱ្យដឹងថា មន្ត្រីសាលាខេត្តតាកែវ ទាំង ០៣ រូប ត្រូវបានកម្លាំងសមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុកលួយ ចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០២៤ កន្លងទៅ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៧ ខែវិច្ឆិកា ម្សិលមិញនេះ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

តាមសម្តីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់កាសែតក្នុងស្រុកថា៖ ACU ពិតជាបានចាប់ខ្លួនលោក ហេង វុទ្ធី តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ រដ្ឋបាលខេត្តតាកែវ និងមន្ត្រីរបស់លោក ចំនួន ០២នាក់ទៀតពិតប្រាកដមែន ដោយមានការពាក់ព័ន្ធករណី «រំលោភអំណាច និងភាពមិនប្រក្រតីក្នុងការបំពេញការងារ និង ករណី៖ «សម្អាតប្រាក់»។ ក្នុងសម្រង់សម្តីជាមួយជាកាសែតដដែល មន្ត្រីជាន់ខ្ពស់រូបនោះ បានបញ្ជាក់ថា៖ «អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញកំហុសមន្ត្រីទាំង ០៣ រូប ពាក់ព័ន្ធភាពមិនប្រក្រតីកឹបកេងលុយក្នុងការដេញថ្លៃគម្រោមនានារបស់រដ្ឋបាលខេត្ត ឃុំ សង្កាត់ជាដើម»។

តាមប្រភពព័ត៌មានចុងក្រោយនេះ បានឱ្យដឹងថា ក្រោយការសាកសួរដេញដោលលើមន្ត្រីទាំង ០៣ រូប តំណាងអយ្យអមសាលាដំបូងខេត្តតាកែវ សម្រេចបើកការស៊ើបសួរ ពីបទ៖ «ការរំលោភអំណាច និងភាពមិនប្រក្រតីក្នុងការបំពេញការងារ និង បទ៖ សម្អាតប្រាក់» រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចំណាត់ការតាមនិតិវិធី។

សូមបញ្ជាក់ថា លោក ហេង វុទ្ធី  និងមន្រ្តីក្រោមឱវាទរបស់លោក ០២នាក់ទៀត គឺមានឈ្មោះ ម៉ម វិចិត្រ និងឈ្មោះ ប៊ុន ធឿន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី០៥ វិច្ឆិកា ២០២៤ ក្រោយពី ACU ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ៕