2024-11-09 08:28
56

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានណែនាំដល់កម្លាំងនគរបាលជំនាញ ត្រូវបន្ដពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកពិសេសព័ត៌មានសន្ដិសុខសំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀនិងបទល្មើសប្រឆាំងការជួញដូរមនុស្ស។ 

ការណែនាំនេះធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមប្រចាំខែតុលានិងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ 

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា៖ «ការផ្លាស់ប្ដូរព័ត៌មានជាមួយប្រទេសដទៃនេះ ជាកត្តាសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបង្កចលាចលក្នុងប្រទេសកម្ពុជា»។  

នាយឧត្តមសេនីយ៍បន្តថា៖ «ផែនការងារសន្ដិសុខ ត្រូវតែបន្ដយកចិត្តទុកដាក់ពង្រឹងលើការងារនេះពោលប្រសិនស្រាវជ្រាវរកឃើញត្រូវតែបង្ក្រាបឱ្យខាងតែបាន»។ 

នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវតែពង្រឹងសមត្ថភាពបន្ថែមលើការបង្ក្រាបបទល្មើសគ្រប់ប្រទេសដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាកុំឱ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត។ 

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏ណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងដាច់ខាតត្រូវតែគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនត្រូវអនុវត្តអ្វីដែលលើសពីតួនាទីភារកិច្ចនោះទេ។ 

ដោយឡែកសម្រាប់ទិសដៅបន្ដមួយទៀតក្នុងខែវិច្ឆិកានេះ នាយឧត្តមសេនីយ៍ ស ថេត បានរំលឹកដល់អំពីការងារសំខាន់ៗមួយចំនួនចំពោះមុខពិសេសការរៀបចំព្រឹត្តិការណ៍នានាត្រូវតែយកចិត្តទុកដាក់ធានាដល់សន្ដិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមឱ្យបានគត់មុត៕