2024-11-09 10:11
15

ខេត្តកំពង់ឆ្នាំង ៖ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា សារមន្ទីរខេត្តកំពង់ឆ្នាំង បានបើកទ្វារចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ជារៀងរាល់ថ្ងៃក្នុងពេលម៉ោងធ្វើការ ។

ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍បែបនេះ គឺក្នុងគោលបំណងឲ្យភ្ញៀវជាតិ ពិសេសអ្នកខេត្តកំពង់ឆ្នាំងបានអញ្ជើញចូលទស្សនា នូវវត្ថុបុរាណ មានដូចជាព្រះបដិមាកូលាលភាជពីជំនាន់ដើម ក៏ដូចជាវត្ថុបុរាណធ្វើអំពីលោហៈផ្សេងៗ ផងដែរ ដែលទាំងអស់នេះជាស្នាដៃរបស់បុព្វបុរសយើងជំនាន់មុន ហើយកូនចៅខ្មែរជំនាន់ក្រោយខ្លះពុំដែលបានឃើញ។ 

ជាមួយនេះ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ ទាំងអន្តរជាតិ សូមអញ្ជើញមុខទស្សនាឲ្យបានគ្រប់ៗ គ្នារៀងរាល់ពេលម៉ោងធ្វើការ ។

បើតាមការបកស្រាយរបស់លោក សន ចាន់ធឿន ប្រធានសារមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បុរាណវត្ថុដែលបានតម្កល់ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានចំនួន៤៣២ ដុំ បំណែកមានដូចជាថ្មភក់ លោហៈ ឈើ និងកូលាលភាជ។ 

ក្នុងនោះវត្ថុបុរាណធ្វើអំពីថ្មមាន៩៩ ដុំបំណែក វត្ថុបុរាណធ្វើអំពីលោហៈមាន ១៤៥ដុំបំណែក ក្នុងនោះ (កាក់ធ្វើពីលោហៈមាន១៥៦៣ កាក់ ) ។

ចំណុចនេះ លោកបញ្ជាក់ថា កាក់ដូចគ្នា និងផលិតឆ្នាំជាមួយគ្នាទោះបី មាន១០០កាក់ ក៏រាប់តែមួយបំណែកដែរ។ កុលាលភាជ ១២១ដុំបំណែក ឈើមានចំនួន១០ដុំបំណែក កែវមានចំនួន ៦៤ដុំបំណែក និង សាត្រាស្លឹករិត មានចំនួន ៤៧ ខ្សែ ដែលមានសរុបជាសន្លឹកចំនួន៧១៦ សន្លឹក។ 

ក្រៅពីវត្ថុបុរាណក្នុងខេត្តកំពង់ឆ្នាំង ដែលមានចំនួន៤៣២ ដុំ យើងក៏នៅមានសមុច្ច័យ ជាកុលាលភាជដែលខ្ចីអំពីខេត្តចំនួន ៣គឺខេត្តកោះកុង បន្ទាយមានជ័យនិងឧត្តរមានជ័យ យកមកដាក់តាំងរយៈពេល៣ឆ្នាំផងដែរ។ 

ការខ្ចីកូលាលភាជពីខេត្តគេយកតាំងក្នុងខេត្តយើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ បានស្វែងយល់អំពីកុលាលភាជផលិតនៅខេត្តគេនិងខេត្តយើងខុសគ្នាដូចម្ដេច ដើម្បីឲ្យងាយស្រួលចំណាំ ។

លោកបានបញ្ជាក់ថា កន្លងមកសារមន្ទីរបានបើកទ្វារជាយូរណាស់មកហើយប៉ុន្តែពុំទាន់មានភ្ញៀវទេសចរណ៍ចេញចូលច្រើននៅឡើយ។ 

ហើយថ្ងៃនេះផងដែរ លោកក៏សូមអំពាវនាវដល់បងប្អូនទាំងភ្ញៀវជាតិនិងអន្តរជាតិអញ្ជើញមកទស្សនាវត្ថុបុរាណរបស់ខ្មែរយើងឲ្យបានច្រើនកុះករដូចដែលបានដាក់ស្លាកជូនដំណឹងនៅរបងក្លោងទ្វារសារមន្ទីរស្រាប់ ៕