ព្រៃវែង៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិលរួម និងអ្នក ពាក់ព័ន្ធជាច្រើននាក់ផងដែរ ។
នៅក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន បានលើកឡើងថា ការរៀបចំវេទិកានេះ មានគោលបំណងពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាពបញ្ហាប្រឈមកំណត់ដំណោះស្រាយ ការដាក់ចេញនូវការតម្រង់ទិសផ្នែកលើគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ដែលនេះគឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
ឯកឧត្ដម អភិបាលខេត្ត បន្ថែមថាផ្អែកតាមគំនិតផ្តួចផ្តើមនិងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ.ជ.អ.ប បានរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួម សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
វេទិកានេះ ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដាក់ចេញនូវទិសដៅក្នុងការរៀបចំវេទិការរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្ដម បន្ថែមថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាគោលនយោបាយដ៏មានសារៈសំខាន់ ដើម្បីពិនិត្យលើការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានផ្តួចផ្តើមរៀបចំដឹកនាំ គ្រប់គ្រងដោយរាជរដ្ឋាភិបាល ផ្អែកតាមបរិបទផ្នែក នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់កម្ពុជា។
កម្មវិធីកំណែទម្រង់នេះ ត្រូវបានរៀបចំ និងអនុវត្តតាមដំណាក់កាលៗ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានា។ ដែលក្នុងនោះ រាជរដ្ឋភិបាលបានប្រគល់នូវមុខងារ និងប្រតិភូកម្មនូវមុខាងរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅចូលរួមផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋានឲ្យសមស្របទៅតាមភូមិសាស្ត្រនៃថ្នាក់រដ្ឋបាលនីមួយៗ ម្យ៉ាងវិញទៀតជាកំណែទម្រង់មួយដ៏ស៊ីជម្រៅក្នុងបង្ខិតសេវានៅជិតប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវារហ័សទាន់ពេលវេលា និងការ ឆ្លើយតទៅនិងតម្រូវការប្រកបដោយសក្តិសិទ្ធិភាព។
កំណែទម្រង់នេះបានពង្រឹងការចូលរួមពីភាគីគ្រប់អ្នកពាក់ព័ន្ធ ដែលក្នុងរួមទាំងប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអាជ្ញាធរក្នុងដំណើររួមគ្នាពិភាក្សាលើកយោបល់ ការសម្រេចចិត្ត ប្រកបដោយសុក្រឹត្យភាព គណនេយ្យភាព និងការអភិវឌ្ឍឲ្យចំគោលដៅ គោលបំណងរបស់ប្រជាពលរដ្ឋដែលកំណត់ដោយប្រសិទ្ធិភាព បរិយាប័ន្ន និងសមធម៌សង្គម៕