2024-12-26 09:35
7

(ប៉ៃលិន)៖     ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្ត នៅស្រុកសាលាក្រៅ ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផល សម្រេចបាននូវការអនុវត្តសកម្មភាពនានារបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ និងឆ្លើយតបទៅនឹង បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកានេះ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ដំណើរការនៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺស្ថិតក្នុងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគោលបំណងសំខាន់នៃគោលនយោបាយនេះរួមមាន៖ទី១៖ ការកែលំអនូវ ប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ទី២៖ ការជំរុញកិច្ច អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅមូលដ្ឋាន និង ទី៣៖ ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។

លោកស្រីបណ្ឌិតអភិបាលខេត្តបានបញ្ជាក់ថា ក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ច ថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋានដើម្បីចូលរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រកបដោយប្រសិទ្ធភាពការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការ អភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់ឱកាសក្នុងការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណៈជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់នូវតម្រូវការពិតប្រាកដ របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជំរុញឲ្យសមាជិក សមាជិកាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ លើកឡើងជាសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីពិភាក្សារួមគ្នាជាមួយអង្គភាពស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ ហើយបន្តខិតខំប្រឹងប្រែងដោះស្រាយនិងឆ្លើយតបតាមតម្រូវការ ព្រមទាំងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋសម្រាប់អភិឌ្ឍន៍មូលដ្ឋានប្រកបដោយ ចីរភាព ធានាបានការលើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ លើកកម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋក្នុងបរិយាកាសមួយប្រកបដោយសន្តិភាពសុវត្ថិភាព និងសុខុមាលភាព ជាពិសេសបានផ្សព្វផ្សាយព័ត៌មាននានា ដែលជាសមិទ្ធផលរបស់ក្រុមប្រឹក្សាសម្រេចបានក្នុងឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៥ ទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សានិងឆ្លើយតបឱ្យមានប្រសិទ្ធភាព ។

លោក ជា ចាន់ឌិន បានឱ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះគឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់បានបព្ចោញមតិរបស់ខ្លួនដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋានដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តម្រូវការ សំណូមពរ ដែលបានលើកឡើងចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអក្នុងសហគមន៍របស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋលើការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ ប្រធានបានមានប្រសាសន៍បានថ្លែងអំណរគុណ ចំពោះវត្តមានលោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត ដើម្បីបម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកសាលាក្រៅ នាឱកាសនោះបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធនានា បានលើកឡើងនូវសំណួរ និងសំណូមពរ ដោយផ្ទាល់មាត់មានចំនួន ២៩ករណី និងសំណួរព្រមទាំងសំណូមពរ ជាលាយលក្ខណ៍អក្សរ (សម្រងសំណួរ) មានចំនួន ៣២ករណី ដោយឆ្លើយតបដោះស្រាយភ្លាមៗក្នុងអង្គវេទិការចំនួន ២៩ករណី៕