2024-12-26 09:46
14

(សៀមរាប)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីបេសកកម្មការងាររបស់ខ្លួនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. នៅសាលប្រជុំសាលាខេត្តសៀមរាប។

ពិធីនេះ ក៏មានការចូលរួមពីលោក មាស សុកែវ សមាជិក អ.ដ.ក, លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត ព្រមទាំងប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលាដំបូង, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃអ.ដ.ក, សមាជិក ក្រុមប្រឹក្សាខេត្ត, តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត, រដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ប៉ូច សោភ័ណ បានលើកឡើង អំពីគោលបំណងនៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. ដែលជាយន្តការថ្នាក់ជាតិមួយ ធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាព នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទ ឲ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងសម្រុះសម្រួលដោះស្រាយវិវាទមួយ ដែលអាចធានាបាននូវបរិយាកាលសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។

លោកបន្តថា អាជ្ញាធរជាតិថ្មីនេះនឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយប្រើវិធីសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។

លោកក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្តសៀមរាបទាំងអស់ ឲ្យជួយធ្វើការផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយសំដៅធ្វើយ៉ាងណាឲ្យសាធារណជន ពិសេសប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានទទួលព័ត៌មានច្បាស់លាស់អំពីការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលធ្វើឡើងក្នុងក្របខ័ណ្ឌ នៃ អ.ដ.ក.នេះ។

លោកបន្តថា ដើមី្បលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ឲ្យកាន់តែប្រសើរឡើង គឺត្រូវការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការបញ្ចប់វិវាទឬការំលត់វិវាតដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមចំណែកកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី។

សូមបញ្ជាក់ថា ខេត្តសៀមរាប គឺជាទិសដៅទី១១ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពត និងខេត្តកំពង់ធំ ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន។ នៅពេលខាងមុខ អ.ដ.ក. នឹងបន្តរៀបចំកម្មវិធីនេះ ឲ្យបានដល់គ្រប់រដ្ឋបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស។
 

លោក សុខ ថុល បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឲ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការគន្លឹះជាអាទិភាពចំនួន៥ ដើមី្បសម្រេចឲ្យចេញជាលទ្ធផលនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្នុងនោះ (ការពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធយុទ្ធតិធម៌)។

ក្នុងចំណោមវិធានការគន្លឹះទាំង៥ បានប្រគល់ភារកិច្ចជូនដល់ក្រសួងយុត្តិធម៌ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចនូវកិច្ចការអាទិភាពសំខាន់ចំនួន៣ ក្នុងនោះ កិច្ចការអាទិភាពទី១ ( ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើមី្បជួយសម្រុះសម្រួលដោះស្រាយ ដោះស្រាយវិវាទឲ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕