(រតនគិរី)៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អមដោយ លោក លោកស្រី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនដល់គ្រួសារងគ្រោះ ១គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
តាមរបាយការណ៍របស់រដ្ឋបាលស្រុកកូនមុំ បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ៣:០០នាទីទាបភ្លឺ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានករណីអគ្គិភ័យ បានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១ខ្នង ដែលមានម្ចាស់ឈ្មោះ លោក ណុប ណោ អាយុ ៤៥ ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូពេទ្យឯកជន និងប្រពន្ធឈ្មោះពេជ្យ ស្រីខួច មុខ របរជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតទាំងស្រុង ក្នុងនោះក្នុងផ្ទះ ១ខ្នង ប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រ គុណ១៧ម៉ែត្រ និងសម្ភារក្នុងផ្ទះទាំងអស់។
មូលហេតុដែលបណ្តាលឲ្យអគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបង្កឲ្យមានគ្រោះដល់មនុស្សនោះទេ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខនិងបានជម្រាបជូនថា «ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ»។
លោកប្រធានបានសម្តែងនូវក្តីអាណិតអាសូរ និងសោយស្តាយជាពន់ពេកជាមួយគ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទវហេតុនេះ ហើយលោកបានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គិភ័យដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែស។
ហេតុនេះ មុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតភ្ជាប់បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំ ភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវដើម្បីកុំមានការឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់មនុស្សស្លាប់ ឬបណ្តាលឱ្យកើតមានអគ្គីភ័យជាដើម។
អំណោយមនុស្សធម៌ដែលបានប្រគល់ជូនគ្រួសាររងគ្រោះរួមមាន៖
* លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ថវិកា២លានរៀល ភេសជ្ជៈ៣កេស និង ខោអាវ មុងភួយ ចំនួន៤ឃីត។
* សាខាកាកបាទក្រហម អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអៀវ១យួរ, ទឹកត្រី១យួរ, ឃីត១ (មុង២ ភួយ២ សារុង២ ក្រមា២) ស័ង្កសី ២០សន្លឹក កៅស៊ូតង់១ កន្ទេល១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ចានបាយ១០ ចានសម្ល១០ និងស្លាបព្រា១០ ថវិកា ២០ ម៉ឺនរៀល។
* រដ្ឋបាលស្រុកកូនមុំ អង្ករ ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអៀវ១យួរ, ទឹកត្រី១យួរ និងថវិកា ៦២ម៉ឺនរៀល។
* រដ្ឋបាលឃុំត្រពាំងច្រេស ថវិកា ២៣ម៉ឺនរៀល និង ២០ដុល្លារផងដែរ៕