ភ្នំពេញ៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ» នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងប្រធានសម្ព័ន្ធសហជីព ប្រធានសហជីព តំណាងអង្គការវិជ្ជាជីវៈនានាផងដែរ។
ថ្លែងនៅក្នុងកម្មវិធីបិទសិក្ខាសាលានេះ លោករដ្ឋលេខាធិការក្រសួងការងារបានវាយតម្លៃខ្ពស់ចំពោះប្រធានសហជីព និងប្រធានសម្ព័ន្ធសហជីពទាំងអស់ ដែលបានចូលរួមនិងផ្តល់ធាតុចូលដ៏មានតម្លៃដែលញាំងឱ្យកិច្ចពិភាក្សានៅក្នុងសិក្ខាសាលានេះទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា និងមានភាពស្និទ្ធស្នាលបំផុតរវាងអង្គការវិជ្ជាជីវៈ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទន្ទឹមនឹងនេះ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា «ការជជែកគ្នាដោយបើកចំហ និងទល់មុខគ្នានៅក្នុងសិក្ខាសាលា នឹងផ្តល់ឧត្តមប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរកចំណុចកណ្តាលរួមមួយដែលអាចទទួលយកបានទាំងអស់គ្នា ឈានដល់ការអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ រក្សាឱ្យបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ និងការការពារផលប្រយោជន៍ និងសិទ្ធិដល់កម្មករនិយោជិតប្រកបដោយស្មារតីទទួលខុសត្រូវបំផុត»៕