រដ្ឋធានីមូស្គូ៖ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ រុស៊្សី បានបាត់បង់ទ្រព្យសម្បត្ដិការពារជាតិយ៉ាងច្រើន រួមទាំងយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រ តែឥឡូវរដ្ឋាភិបាលក្រុងមូស្គូកំពុងតែបំពាក់យន្ដហោះចម្បាំងបំបាំង Su-57 ដែលមានរហស្សនាម «ស្ដេចដែនអាកាស» ថ្មីដល់កងទ័ពអាកាសរបស់ខ្លួនបន្ថែមទៀត។
សារព័ត៌មាន The EurAsia Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ថា សហសាជីវកម្មយន្ដហោះ UAC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនការពារជាតិរុស្ស៊ី Rostec បានប្រគល់យន្តហោះប្រយុទ្ធបំបាំងកាយ Su-57 និង Su-34 ស៊េរីថ្មី ដល់ក្រសួងការពារជាតិរុស្ស៊ី។
លោក ស៊ើរហ្គេ ឆេមេហ្សូវ (Sergei Chemezov) នាយកប្រតិបត្ដិក្រុមហ៊ុន Rostec បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយហើយត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមតេឡេក្រាមថា៖«យន្ដហោះចម្បាំង ប្រភេទ Su-57 និង Su-34 ដែលត្រូវបានផ្ទេរនៅថ្ងៃនេះ នឹងចូលទៅបំពេញតួនាទីរបស់វានៅពេលឆាប់ៗនេះ»។
ស្របគ្នានេះដែរ លោកនាយកប្រតិបត្ដិរូបនេះ បានសរសើរដល់សមត្ថភាពរបស់យន្តហោះដ៏ទំនើបប្រភេទនេះ ដោយពណ៌នាយន្ដហោះ Su-34 ថាជាយន្តហោះទម្លាក់គ្រាប់បែកនាំមុខ ជាមួយនឹងលក្ខណៈបច្ចេកទេស និងការប្រយុទ្ធយ៉ាងពិសេស។
បន្ថែមពីលើនេះ គាត់ក៏បានសរសើរដល់យន្ដហោះចម្បាំងបំបាំងកាយ Su-57 ថាជា«ស្តេចដែនអាកាស» ដោយបន្លេចយន្ដហោះនេះ បំពាក់ម៉ាស៊ីនដ៏ទំនើបបំផុតនៅក្នុងប្រភេទយន្តហោះប្រតិបត្តិការយុទ្ធសាស្ត្រ។
យន្តហោះចម្បាំងរបស់រុស្ស៊ី Su-57 ជាយន្តហោះចម្បាំងជំនាន់ទី៥ ត្រូវបានរចនាឡើង ដើម្បីបំពេញបេសកកម្មប្រយុទ្ធជាច្រើនប្រភេទ។
ភាពប៉ិនប្រសប់របស់យន្ដហោះជំនាន់ទី៥នេះ អនុញ្ញាតឱ្យវាកំណត់គោលដៅគំរាមកំហែង នៅលើអាកាស ដី និងសមុទ្រ ដោយបានប្រតិបត្តិការទាំងថ្ងៃ ឬយប់នៅក្នុងលក្ខខណ្ឌអាកាសធាតុ និងបរិស្ថានដែលមានបញ្ហាជាមួយនឹងការជ្រៀតជ្រែកខ្លាំងនៅក្នុងសង្គ្រាមអេឡិកត្រូនិក។
ម៉្យាងវិញទៀត Su-34 ជាយន្តហោះទម្លាក់គ្រាប់បែក ដែលមានសមត្ថភាពអាចកម្ទេចគោលដៅទាំងដី និង អាកាស។
យន្ដហោះប្រភេទនេះ អាចចូលរួមគោលដៅនៅក្នុងចម្ងាយឆ្ងាយយកឈ្នះលើការបាញ់សត្រូវ និងការប្រឹងប្រែងដែលរារាំង ហើយវាមានប្រសិទ្ធភាពស្មើគ្នានៅក្នុងអាកាសធាតុ ឬទីតាំងភូមិសាស្ត្រនៃប្រតិបត្តិការ។
ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានផ្សាយថា បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ រុស្ស៊ី បានខូចខាតកម្លាំងទាហានចំនួន ៧៧៧ ៧២០នាក់ ដោយរាប់បញ្ចូលទាំងការខូចខាតចំនួន ១៦៣០នាក់ កាលពី២៤ម៉ោងមុន។
ក្រៅពីនេះ រុស្ស៊ី បានបាត់បង់ទ្រព្យសម្បត្ដិការពារជាតិយ៉ាងច្រើនរួមមាន៖ យន្ដហោះចម្បាំង ចំនួន ៣៦៩គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន៣២៩គ្រឿង, នាវាចម្បាំងតូចធំចំនួន ២៨គ្រឿង, នាវាមុជទឹកចំនួន១គ្រឿង, រថក្រោះ ចំនួន ៩ ៦២៤គ្រឿង, រថពាសដែក ចំនួន ១៩ ៩១៥គ្រឿង និង គ្រឿងចម្បាំងជាច្រើនទៀត។
បើទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាងរបស់ភាគីអ៊ុយក្រែនតែប៉ុណោះ ហើយក៏មិនមានប្រភពឯករាជ្យណាមួយបញ្ជាក់នោះដែរ៕