2024-12-26 10:33
12

រដ្ឋធានីកៀវ៖ នៅក្នុងអំឡុងសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកសេដ្ឋកិច្ចរបស់រុស្ស៊ីបានជួយទ្រទ្រង់មួយផ្នែក តាមរយៈប្រាក់ចំណូលប្រេង និងឧស្ម័ន បញ្ជូនទៅកាន់តំបន់អឺរ៉ុប និងលោកខាងលិច ប៉ុន្ដែប្រាក់ចំណូលទាំងនេះនឹងធ្លាក់ចុះវិញភ្លាម ក្រោយពេលរដ្ឋាភិបាលក្រុងកៀវបញ្ឈប់សកម្មភាពលំហូរប្រេង និងឧស្ម័នរបស់ក្រុងមូស្គូឆ្លងកាត់ប្រទេសរបស់ខ្លួន។

សារព័ត៌មាន Fortune បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ថាសេដ្ឋកិច្ចរបស់រុស្ស៊ីនៅក្នុងអំឡុងសង្គ្រាមនេះ បានជួយទ្រទ្រង់មួយផ្នែក តាមរយៈប្រាក់ចំណូលពីប្រេង និងឧស្ម័ន ខណៈតំបន់អឺរ៉ុបបានពឹងផ្អែកលើប្រេង និងឧស្ម័នរបស់ក្រុងមូស្គូអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ រីឯគន្លឹះនៃការរៀបចំនេះ គឺអ៊ុយក្រែន ជាប្រទេសកំពុងតែស្ថិតក្នុងសង្រ្គាមរបស់ក្រុងមូស្គូ ខណៈប្រទេសនានា មានកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់ប្រទេសអ៊ុយក្រែន ឆ្ពោះទៅកាន់តំបន់អឺរ៉ុប។
 

កិច្ចព្រមព្រៀងនេះ នឹងជិតផុតកំណត់ នៅចុងឆ្នាំ២០២៤ ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) បានជំទាស់នឹងការបន្តកិច្ចព្រមព្រៀងនៅក្នុងលក្ខខណ្ឌដដែល បើទោះជាវិមានក្រឹមឡាំងចង់បន្ដយ៉ាងក៏ដោយ។ 

ការសម្រេចចិត្តរបស់ក្រុងកៀវ បញ្ចប់កិច្ចព្រមព្រៀងបន្ដបង្ហូរឧស្ម័នទៅកាន់តំបន់អឺរ៉ុប តាមរយៈឆ្លងកាត់ប្រទេសអ៊ុយក្រែន អាចបង្កើតក្តីព្រួយបារម្ភសម្រាប់រុស្ស៊ីចំពេលតម្លៃប្រាក់រូប្លិ៍ (Ruble) ធ្លាក់ចុះ និង សង្គ្រាមអូសបន្លាយបន្ដទៀត។

បើតាមប៉ាន់ស្មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ប្រាក់ចំណូលឧស្ម័នរបស់រុស្ស៊ី ដែលផ្គត់ផ្គង់ទៅកាន់អឺរ៉ុបដោយឆ្លងកាត់ប្រទេសអ៊ុយក្រែននឹងមានតម្លៃ៥ពាន់លានដុល្លារនៅឆ្នាំ២០២៤។ 

ប៉ុន្ដែកាលពីឆ្នាំ២០២៣ ប្រទេសរុស្ស៊ីបានដឹកជញ្ជូនឧស្ម័នប្រហែល ១៥ពាន់លានម៉ែត្រគុប ដែលត្រឹមតែមួយចំណែកនៃការផ្គត់ផ្គត់ ទៅកាន់តំបន់អឺរ៉ុបនៅមុនការរាតត្បាតនៃជំងឺកូវីដ-១៩។
 

មជ្ឈមណ្ឌលវិភាគគោលនយោបាយអឺរ៉ុប (CEPA) បានបញ្ជាក់ កាលពីសប្ដាហ៍មុនថា អ៊ុយក្រែនបានទទួលរកប្រាក់ចំណូលចំនួន៨០០លានដុល្លារ ពីការសម្រួលដល់ការបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុប តាមរយៈបំពង់បង្ហូរឆ្លងកាត់ប្រទេសរបស់ខ្លួន។ 

បើទោះជាមានភស្តុតាងជាច្រើន ដែលថា រុស្ស៊ីបានប្រើប្រាស់ការនាំចេញឧស្ម័ន ដើម្បីបង្កគ្រោះថ្នាក់ដល់អឺរ៉ុបយ៉ាងណាក៏ដោយ ក៏អ្នកទិញនៅក្នុងប្រទេសនៅតែរាក់ទាក់ជាមួយក្រុងម៉ូស្គូ ហើយឥឡូវកំពុងតែដាក់សម្ពាធទៅលើអ៊ុយក្រែន ជំរុញឱ្យមានកិច្ចព្រមព្រៀងបញ្ជូនឧស្ម័នរបស់រុស្ស៊ីចាប់ពីឆ្នាំ២០២៥ បន្ដទៅទៀត៕