2025-02-04 17:57
12

ភ្នំពេញ៖  ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន កំពុងកាន់ដំណែងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃអង្គារ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានប្រកាសថា៖ «លោកមិនទទួលយកបាននូវពាក្យជេប្រមាថកាតទានពីសំណាក់ក្រុមអគតិមួយក្តាប់តូចមកលើសមាជិកក្រុមគ្រួសាររបស់លោកបានឡើយ ជាពិសេសមកលើសម្តេចតេជោ ហ៊ុន សែន តែម្តង»។ 

តាមរយៈបណ្តាញសង្គមផ្លូវការ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ»។ 

កូនប្រុសពៅរបស់សម្តេចតេជោរូបនេះ បានសរសេរបញ្ជាក់ថា៖ «បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។

ការសរសេរសារបែបនេះ របស់ ឯកឧត្តម ហ៊ុន ម៉ានី បន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសជាបក្ខពួកទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់នូវពាក្យអសុរស និងជេប្រមាថកាតទានមកលើសម្តេច ហ៊ុន សែន ជាឪពុក និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបងប្រុស ក្នុងការដឹកនាំប្រទេស៕