
ខេត្តពោធិ៍សាត់ៈ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានរៀបចំ ប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ២២ កុម្ភៈ នៅបរិវេណ កីឡដ្ឋានខេត្ត នាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមាន ការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាល លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការសឹករងខេត្ត លោកប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង.ស្រុក លោកអធិការនគរបាលក្រុង.ស្រុក ព្រមទាំងមានការចូលរួមពីកងកម្លាំង ទាំងសិស្សនិស្សិត សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ផងដែរ។
ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា បានឡើងអានរបាយការណ៍ ស្តីពីការគ្រោះថ្នាក់ដោយអគ្គីភ័យ ប្រតិបត្តិការពន្លត់អគ្គីភ័យរបស់ កម្លាំងនៃជំនាញ បង្ការ ពន្លត់អគ្គីភ័យ និងកម្លាំងជំនាញ នៅតាមបណ្តាអធិការដ្ឋានក្រុង.ស្រុកនិងបានបញ្ជាក់នៅកត្តាដែលបង្កជាអគ្គីភ័យ បណ្តាលឲ្យឆាបឆេះ លំនៅដ្ឋាន ឬទីតាំងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមស្វែងយល់ ពីចំណេះដឹង នៃការបង្កា និងវិធីសាស្ត្រ សង្គ្រោះ និងពន្លត់អគ្គីភ័យបឋម និងរាយការណ៍ជូនសមត្ថកិច្ច ក្នុងការសង្គ្រោះ និងពន្លត់អគ្គីភ័យ ដោយផ្តល់ព័ត៌មានច្បាស់ការ អំពីទីតាំងភូមិសាស្ត្រងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ ដើម្បីបង្ការ ទប់ស្កាត់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើង។
លោក ពៅ ពិសិដ្ឋ អភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា កងកម្លាំងពន្លត់អគ្គីភ័យ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដើម្បីបញ្ជៀស ឱ្យបាននូវការបាត់បង់ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ទិវាបង្ការ និងពន្លត់អគ្គីភ័យនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ក្រើនរំលឹកដល់ប្រជាពលរដ្ឋយើងទូទាំងខេត្ត និងមនុស្សទូទៅ ឱ្យមានការជ្រួតជ្រាប និងចងចាំថា អគ្គីភ័យ គឺជាគ្រោះថ្នាក់យ៉ាងសាហាវមួយ ដែលអាចបំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានគ្រប់ពេលវេលា ប្រសិនបើមានការធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្ន ដូច្នេះទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ រួមនឹងអាជ្ញាធរ ចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់បញ្ហាអគ្គីភ័យនេះ ទន្ទឹមនេះ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សូមចូលរួមគោរពច្បាប់ចរាចរណ៍ ស្វែងយល់ពីការប្រើប្រាស់ផ្លូវឲ្យបានត្រឹមត្រូវ ដើម្បី កាត់បន្ថយ អាត្រាគ្រោះថ្នាក់ មកនៅកម្រិតទាប រាយការណ៍ជូនសមត្ថកិច្ចអំពីទីតាំង មានល្បែងស៊ីសងខុសច្បាប់ សិក្សាស្វែងយល់ពីគ្រោះថ្នាក់ ដែលបណ្តាលមកពីសារធាតុញៀន ផ្តល់ព័ត៌មានជូនអំពីទីតាំងអ្នកដែលសេពសារធាតុញៀន ដើម្បីឲ្យសមត្ថកិច្ច ចេញប្រតិបត្តិការបង្ក្រាប៕ លាន គ្រន
