
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសានស៍បញ្ជាក់ថា ស្រ្តីនៅកម្ពុជាបានរួមចំណែកដ៏អស្ចារ្យ ក្លាហាន និងស្មារតីអង់អាចក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោម ប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមានសន្តិភាព ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមថ្លែងថា ប្រធានបទសម្រាប់ឆ្នាំនេះ គឺស្របតាមប្រធានបទសកលផង និងបរិបទរបស់ប្រទេសកម្ពុជាផង ដោយផ្ដោត លើភាពបន្ទាន់នៃបរិយាបន្នសមភាពយេនឌ័រ ធានាថា គ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានទុកឱ្យនៅឯកា ដោយមិនគិតពីស្ថានភាព សង្គមសេដ្ឋកិច្ច ជាតិសាសន៍ ពណ៌សម្បុរ ពិការភាព ឬកត្តាផ្សេងទៀត និងបានផ្តោតសំខាន់ លើសិទ្ធិផ្លូវច្បាប់, ឱកាសសេដ្ឋកិច្ច, ការចូលរួមនយោបាយ, សិទ្ធិទទួលបានការអប់រំ និងការការពារពីអំពើហិង្សា យេនឌ័រ។
ឯកឧត្តមគូសបញ្ជាក់ថា ស្រ្តីគឺជានិម្មាបនករនៃការផ្លាស់ប្តូរ និងលើសពីនេះស្រ្តីក្នុងតួនាទីជា អ្នកដឹកនាំ ជាសហគ្រិន ជាម្តាយ ជាភរិយា ជាអ្នកគ្រូ និងជាអ្នកអប់រំទូន្មានក្នុងគ្រួសារ ដែលជាកម្លាំងនៃបរិវត្តកម្មសង្គម។ សម្រាប់ កម្ពុជាបានចាប់ផ្តើមឡើងជាប្រជាជាតិមួយ ដោយយកស្រ្តីជាធំ ឬមាតាធិបតេយ្យ ហើយវប្បធម៌នៃមាតាធិបតេយ្យនេះ បានជ្រួតជា្រប ពេញសង្គមកម្ពុជារហូតមកទល់បច្ចុប្បន្ន ដែលជាការបង្ហាញឱ្យឃើញពីគុណភាពយេនឌ័រ នៅកម្ពុជាក្នុងប្រវត្តិសាស្រ្តជាងពីរពានឆ្នាំរបស់ខ្លួន។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក៏ដូចជាសា្ថប័នក្រសួង អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិនានា ប្តេជ្ញាបន្តប្រើប្រាស់សក្តានុពល និងកាលានុវត្តភាពនានា ក្នុងការ ដឹកនាំភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រតាមវិស័យ ស្របតាមការចង្អុល បង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

