2025-03-10 15:05
120

(កំពង់ស្ពឺ)៖ ឆ្លើយតបនឹងលិខិតបដិសេធរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd ចុះថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៥ និងការលើកឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ តំណាងក្រុមហ៊ុន ដែលបានបដិសេធថា ពុំបានបង្ហូរទឹកកខ្វក់ទៅស្ទឹងសែនជ័យ ក្នុងភូមិសាស្រ្តភូមិ សា្រស្ត ឃុំយាយម៉ៅសែនជ័យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្ត ច្បាប់នៃក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានបន្តចុះយកសំណាកទឹក និងចូលរួម ជាមួយ អ្នកសារព័ត៌មានសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងរោងចក្រខាងលើនេះ។


ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមករោងចក្របានបញ្ចេញសំណល់រាវ មានជាតិពុលចូលមក ក្នុងស្ទឹង ធម្មជាតិ ដែលមានទីតាំងនៅខាងក្រោយរោងចក្រ និងបានបង្កបញ្ហាបំពុលទឹកស្ទឹង និងបង្ក ផលប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់ ដោយសារសំណល់រាវចេញពីការផលិតដំណាប់ស្វាយ ដែលត្រូវបានគេបង្ហូរចូលស្ទឹង ហើយពេលខ្លះនៅវេលាយប់ផងដែរ។


ប្រភពបន្ថែមថា ពីមុន មិនទាន់មានរោងចក្រទឹកស្ទឹងសែនជ័យនេះ គឺជាប្រភពទឹកយ៉ាងសំខាន់នៅក្នុង ការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់យកមកស្រោចដំណាំ និងបន្លែបាន។ ក្រោយមករោងចក្រ បង្ហូរ ទឹកចូលមកក្នុងស្ទឹងនេះ ធ្វើឱ្យទឹកខូចគុណភាព មានខ្លិនមិនល្អ ប៉ះពាល់សុខភាព និងពំអាចប្រើ ប្រាស់បាន សូម្បីសត្វត្រី នៅ ក្នុងទឹកក៏ឃើញងាប់ផងដែរ។


បើតាមលោក តាន់ តេង រស់នៅភូមិ៣ ក្នុងឃុំស្រុកជាមួយគ្នា ជាអ្នកប្រកបរបរដាំដុះស្វាយ បានលើក ឡើង ស្រដៀងគ្នាថា៖ «ទឹកស្ទឹងនេះពីមុនគឺលោកអាចប្រើប្រាស់ បានទាំងអស់ ទៅលើការស្រោច ដំណាំនិងសម្រាប់មនុស្សប្រើប្រាស់បានខណៈអីឡូវនេះបន្ទាប់ពីរោងចក្របើកបង្ហូរទឹកកាកសំណល់ពីរោងចក្រចុះមក ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ទឹកមានសភាពប្រែប្រួលធំក្លិន និងប៉ះពាល់សុខភាព អាយុជីវិតជាដើម»។


ជាមួយគ្នានោះអ្នកស្រី ហុក ម៉េង រស់នៅជាប់មាត់ស្ទឹងភូមិជាមួយគ្នាដែរ បានគូសបញ្ជាក់ ថា៖ «កន្លែង នេះមានក្លឹន ពិបាកទទួលយកបាន ពោលគឺមានក្លឹន២៤ម៉ោង លើ២៤ម៉ោង ដែលជះមកគ្រប់ពេល ហើយពេលខ្លះ ពីបាកទទួលយកបាន ត្រូវជិះម៉ូតូចេញពីផ្ទះដើម្បីទៅរកទីតាំងដែលមានខ្យល់អាកាសល្អ មិនមានក្លិន ឆ្ងាយពីផ្ទះ។ អ្នកស្រីបន្ថែមថា សុខភាព កូនក្មេង និងមនុស្សចាស់ឈឺជាបន្តបន្ទាប់ នៅក្នុងភូមិ ក្បែរៗនេះ»។


សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ បានចុះពិនិត្យករណីបំពុល ស្ទឹង សែនជ័យ ចំនួន២លើករួចមកហើយ និងបានពិនិត្យក្នុងសំណាកទឹក ដែលយកចេញពីក្នុងរោងចក្រ និងទឹកលេចចេញពីរោងចក្រ មានសាធាតុពុល Chemical Oxygen Demand (COD) (សម្រាប់វាយតម្លៃគុណភាពទឹកពុល ឬល្អ) លើសស្តង់ដារកំណត់ ដែលបានបង្ហាញថាទឹកស្ទឹង បានទទួលរងការបំពុលទឹក និងបង្កឱ្យមានផលប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹក រួមទាំងមិនអាចប្រើ ប្រាស់ទឹកបាន។


ក្នុងករណី COD កំហាប់វាខ្ពស់ខ្លាំង វាអាចបង្កឱ្យត្រីងាប់ភ្លាម ការយកសំណាកទឹកដែលហៀរចេញ ពីរោងចក្រ កន្លងមកមានកម្រិត COD លើសពី ៣០០០mg/l បណ្តាលមកពីសំណល់មានផ្ទុក កំហាប់ជាតិស្ករច្រើន ជាតិជូរផ្អូមចេញពីសាច់ស្វាយ និងការរលួយនៃកម្ទេចសាច់ស្វាយ ត្រូវបាន គេបង្ហូរចូលក្នុងបរិមាណច្រើនម៉ែត្រគូប ចូលក្នុងប្រភពទឹកស្ទឹង។


សូមបញ្ជាក់ជូនថា ជាទូទៅសំណល់រាវចេញពីការផលិតដំណាប់ស្វាយ គឺមានកម្រិត COD ខ្ពស់ លើសពី ១០០០០mg/l ចំណែកឯការទឹកកខ្វក់ចេញពីលំនៅដ្ឋាន ឬសំណលរាវចេញពីការ លាងបន្លែ ផ្លែឈើ ឬការចោលសំណល់រឹងផ្សេងៗ ក្នុងលក្ខណៈជាគ្រួសារចូលក្នុងប្រភពទឹក គឺ COD មានកម្រិត មិនលើសពី 1000mg/l និងពុំមានបង្កបញ្ហាក្លិនស្អុយខ្លាំងដូចសំណល់ពីការផលិតស្វាយឡើយ។ លើសពីនេះនៅតំបន់ដងស្ទឹង ដែលមានបញ្ហាបំពុលដោយសំណល់ទឹកស្វាយខាងលើនេះ ពុំមានរោងចក្រផលិតដំណាប់ស្វាយណាផ្សេងក្រៅពីរោងចក្រ KRR Processing Food Co., Ltd. នោះទេ៕