2025-03-12 18:25
68

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹង ស្តីពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើង នៅចន្លោះព្រឹកព្រលឹមថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៥នេះ និងស្នើដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួម ទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន។


តាមរយៈសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា៖ បាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ បានស្តែងឲ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាង សង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយ ជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។


គួរជម្រាបថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅ ចន្លោះ ថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺ សមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។


ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទ អង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។


ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ សំណូមពរដល់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំង អស់ ចូលរួម ទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន និងសូមចូលរួមផ្សព្វផ្សាយអំពីទេសចរណ៍ កម្ពុជា ទាំងអស់គ្នា ស្របតាម ពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេស ចរណ៍»«ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»និង«ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»៕