2025-03-15 08:53
71


(កំពង់ស្ពឺ)៖ តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសអញ្ជើញធ្វើដំណើរកម្សាន្តលើភ្នំខ្នងផ្សារនៅថ្ងៃទី១៣ខែមីនាឆ្នាំ២០២៥លោកបណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន,លោកហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍,លោកជាមច័ន្ទសោភ័ណអភិបាលខេត្តកំពង់ស្ពឺបានដឹកនាំមន្រ្តីចុះពិនិត្យផ្ទាល់នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារក្នុងជួរឧទ្យានជាតិភ្នំក្រវាញដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង។
គោលបំណងសំខាន់របស់សម្តេចបវរធិបតីហ៊ុនម៉ាណែតគឺដើម្បីជំរុញឱ្យមានការអភិវឌ្ឍគោលដៅលំហែបៃតងនេះទិសដៅលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាការអភិរក្សក្សជីវៈចម្រុះ និងធនធានធម្មជាតិ។
ក្រុមការងារពិសេសបានសហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សាខ្នងសំពៅនៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អសម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះ។ជាមួយគ្នានេះលោកបណ្ឌិតអ៊ាងសុផល្លែតបានថ្លែងថាក្រុមការងារបានចុះពិនិត្យដោយផ្ទាល់ទីតាំង ដែលត្រូវរៀបចំកន្លែងឈប់សម្រាកសម្រាប់ការឡើងថ្មើរជើងពីជើងភ្នំទៅខ្នងសំពៅដើម្បីបន្តទៅខ្នងផ្សាតែម្តង។យោងតាមដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតីហ៊ុនម៉ាណែតនាថ្មីៗនេះ,ក្រុមការងារបានបន្តអនុតាមអនុសាសន៍ណែនាំរបស់សម្តេចដើម្បីជំរុញតំបន់ខ្នងផ្សារជាតំបន់ទេសចរណ៍ធម្មជាតិសម្រាប់បម្រើឱ្យផលប្រយោជន៍សហគមន៍និងពង្រឹងប្រជាសហគមន៍ឱ្យក្លាយជាពាណិជ្ជករអ្នកបម្រើសេវានិងក្លាយជាអ្នកការពារព្រៃឈើប្រកបដោយនិរន្តរ៍ភាពតទៅ។
ក្រុមការងារបានសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រដូចជា៖ផ្លូវបន្ទប់ទឹកកន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ទៅតាមស្តង់ដារនិងទុកជាប្រយោជន៍ជូនសហគមន៍ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកម្សាន្តនៅទីនេះនិងសិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។
សូមបញ្ជាក់ថាភ្នំខ្នងផ្សារជាតំបន់ព្រៃភ្នំដ៏ធំមួយមានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួន៣គឺខេត្តកំពង់ស្ពឺខេត្តកោះកុងនិងខេត្តពោធិ៍សាត់។នៅទីនោះគឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ជ្រលងភ្នំខ្ពស់ៗវាលស្រល់ដ៏ស្រស់ស្អាតនិងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។វាមានកម្ពស់ប្រហែល១០១៧ម៉ែត្រដែលអាចមើលឃើញទេសភាពបាន៣៦០ដឺក្រេដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ភ្នំខ្នងផ្សារមានទេសភាពស្អាតគ្រប់រដូវកាលដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។នៅទីនោះកន្លងមកមានសហគមន៍ទេសចរណ៍ខ្នងផ្សារដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរដែលចង់ទៅលេងកម្សាន្ត៕"