
(កំពត)នៅថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២៥ នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិនិងវិញ្ញាបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋមកពីភូមិចំនួន៣ ឃុំចំនួន ២ ដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធដែលបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តអង្គល្បើកនៅក្នុងស្រុកឈូកខេត្តកំពត។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវបានជំរុញ និងពន្លឿនដើម្បីចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋ។
ហើយការចុះបញ្ជីដីធ្លីនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ដីធ្លី ដែលជួយជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានមិតសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះហើយ បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបន្តវេណដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចបានគិតគូរជានិច្ចនូវរាល់កិច្ចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយបានដាក់ចុះនៅយន្តការ និងការចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្ត និងមន្ទីរជំនាញត្រូវពន្លឿនក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័យបំផុត។
ហើយការដែលឈានដល់ការចែកបណ្ណកម្មសិទ្ធិនាពេលនេះ ក៏ដោយសារមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ហើយរដ្ឋបាលខេត្តក៏ចង់ឃើញពុកម៉ែបងប្អូនទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់ៗគ្នាផងដែរ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា បណ្ណកម្មសិទ្ធនេះគឺជាបណ្ណដែលបញ្ជាក់ពីការកាន់កាប់ដីធ្លីស្របច្បាប់របស់បងប្អូន ដូច្នេះពេលទទួលបានហើយសូមទុកដាក់បណ្ណនេះឱ្យបានត្រឹមត្រូវ ម្យ៉ាងទៀតបណ្ណនេះក៏បានរួមចំណែកក្នុងការជួយកាត់បន្ថយនូវទំនាស់ដីធ្លីផងដែរ។
អភិបាលខេត្តបានបន្ដឱ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរទាំង៩ ក្រុង-ស្រុកក្នុងខេត្ត មន្រ្តីបច្ចេកទេសសុរិយោដី និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការចូលរួមគាំទ្រសម្របសម្រួលឱ្យបានកាន់តែសកម្មថែមទៀតនៅក្នុងដំណើរការចុះបញ្ជីដីធ្លី និងជំរុញដំណើរការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហើយត្រូវខិតខំសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានពាក់ព័ន្ធក្នុងការផ្តល់សេវានៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានលឿន ឆាប់រហ័ស និងមានប្រសិទ្ធភាព។
នេះបើយោងតាមរបាយការណ៍របស់ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) នាពេលនេះមានចំនួន ៣ភូមិ ដែលមានក្បាលដីសរុបចំនួន ៣,១៦០ ក្បាលដី ស្មើនឹង ១,៦៥៩ គ្រួសារ ក្នុងនោះរួមមាន ភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំងស្រុកឈូកមានក្បាលដីសរុបចំនួន២៨ ក្បាលដី ស្មើនិង ៣ គ្រួសារ ប្រជាពលរដ្ឋមកពីភូមិស្រែជ្រៅ ឃុំល្បើកស្រុកឈូក មានក្បាលដីសរុបចំនួន១,៦៨៤ ក្បាលដីស្មើនិង៧៨៩គ្រួសារ ប្រជាពលរដ្ឋដែលមកពីភូមិត្រពាំងគគីរ ឃុំល្បើកស្រុកឈូក មានក្បាលដីសរុបចំនួន ១,៤៤៨ ក្បាលដី ស្មើនឹង ៨៦៧ គ្រួសារ។(សឹង រ៉ាត់)


