
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួង ឯកឧត្តម លោកជំទាវ ជាប្រធានអនុគណៈកម្មការ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិការសឹករងខេត្ត និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តចូលរួមជាច្រើននាក់ផងដែរ។
នៅក្នុងកិច្ចប្រជុំឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចអំពីគោលបំណងសំខាន់ៗចំនួន ៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ គឺដើម្បីជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ។ ចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា និងបំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត៕