
ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបញ្ចេញនូវសារនយោបាយកោតសរសើរ លោក ដូណា ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានសេចក្តីក្លាហានក្នុងការចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកមុនគេ។
នៅព្រលប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សរសេរថា៖ «យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន»។
សម្តេចតជោ បានសរសេរទៀតថា៖ «នេះជាការរួមចំណែកដ៏ធំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា»។
ប្រមុខព្រឹទ្ធសភាកម្ពុជា បានសរសេរបញ្ជាក់ថា៖ «ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីន ឆ្នាំ២០១៧ថា ការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជក់បន្ថែមទៀតថា៖ «រិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។ សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ»៕
