2025-03-19 11:28
109

រាជធានីភ្នំពេញ៖ បុរសម្នាក់បាត់បង់ជីវិតពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដ្បិតបុគ្គលិកបម្រើការនៅផ្ទះម៉ាស្សាយីហោ «គេណេស» ចាក់សម្លាប់ប្លន់យកទូរសព្ទ និងជំរិតយកលេខកូដសម្ងាត់ធនាគារ ពេលនេះ អាជ្ញាធរសមត្ថកិច្ចតាមប្រមាញ់ឃាតកបានហើយ។ នៅព្រឹកថ្ងៃពុធទី១៩មីនានេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖«ពេលនេះសមត្ថកិច្ចជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានស្រាវជ្រាវចុះបង្រ្កាបឃាត់ខ្លួនជនជាប់ចោទពីបទឃាតកម្មបានហើយ កាលពីម្សិលមិញ។» សូមរំឭកថា កាលពីយប់ថ្ងៃទី១៦មីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះម៉ាស្សាយីហោ «គេណេស» តាមបណ្តោយផ្លូវលេខ៤២០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន មានករណីចាក់សម្លាប់មួយកើតឡើង ដោយបុរសម្នាក់បាត់បង់ជីវិតកំលុងពេលដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវជនដៃដល់ប្លន់យកទូរសព្ទ និងជំរិតយកលេខកូដសម្ងាត់ធនាគារ ប៉ុន្តែករណីខាងលើទើបតែបង្កការភ្ញាក់ផ្អើលនៅថ្ងៃអង្គាម្សិលមិញប៉ុណ្ណោះ។ប្រភពពីមន្ត្រីសមត្ថកិច្ចឱ្យដឹងបន្តថា ជនរងគ្រោះមានឈ្មោះ ពៅ អាយុ៣៦ឆ្នាំ បានហៅជនដៃដល់មកនិយាយគ្នា និងសម្រេចឱ្យលាឈប់ពីការងារ ដោយសារជនសង្ស័យលួចអីវ៉ាន់អ្នកដទៃ រហូតឈានដល់ការជជែកតឹងសរសៃ-កជាមួយគ្នា។ ភ្លាមៗបុគ្គលិកដែលរងជាប់ចោទជាឃាតក បានស្ទុះទៅយកកូនកាំបិតចាក់ទៅលើជនដៃដល់ជាច្រើនកាំបិត បណ្តាលឱ្យរបួសធ្ងន់ឈាមហូរស្រោចពេញខ្លួន ទើបបង្កការភ្ញាក់ផ្អើលទៅដល់សាច់ញាតិជនរងគ្រោះ ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ប៉ុន្តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ យ៉ាងណា ជុំវិញអំពើឃាតកម្មនេះបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារម្សិលមិញ ដោយកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងបើកការស្រាវជ្រាវស៊ើបអង្កេតភ្លាមៗតែម្ដង រហូតឈានដល់ការឃាត់ខ្លួនជនជាប់ចោទយកមកសួរចម្លើយ និងបន្តនីតិវិធីច្បាប់៕