
ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជូនដំណឹងដល់ ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តទាំងអស់ដែលមានរថយន្តត្រូវបានឃាត់ទុករយៈពេល១ឆ្នាំ នាពេលកន្លងមក ហើយបានបង់ប្រាក់ពិន័យរួចរាល់អាចមកទទួលរថយន្តនៅតាមទីតាំងរក្សាទុក ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។
ក្រសួងបានបញ្ជាក់ថា យោងតាមលិខិតលេខ ២៩១ សជណ.អស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី ករណីសំណើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ចំពោះការដោះលែងរថយន្តឃាត់ទុករយៈពេល ១ឆ្នាំ ចំនួន ១០៨ គ្រឿង ដែលបានដឹកលើសទម្ងន់កម្រិតកំណត់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមអញ្ជើញ ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តទាំងអស់ដែលមានរថយន្ត ត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងក្រុមការងារ ជញ្ជីងចល័តនៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបានបង់ប្រាក់ពិន័យរួចរាល់ គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ មកចូលរួមដោះស្រាយដូចខាងក្រោម៖
ចំពោះម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមានរថយន្តត្រូវបានឃាត់ទុក និងបានបង់ប្រាក់ពិន័យរួចរាល់អាចមកទទួលរថយន្តនៅតាមទីតាំងរក្សាទុក ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ដោយតម្រូវឱ្យមានការធ្វើកិច្ចសន្យាលែងប្រព្រឹត្តបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្តទៀត។ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ តទៅ ដោយបន្ថែមវិធានការចំពោះយានយន្តល្មើស ដែលដឹកលើសទម្ងន់កម្រិតកំណត់ ដោយ ត្រូវពិន័យទាំងការផ្ទុកលើសទម្ងន់សរុប និងការផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗទាំងពីរករណីព្រមគ្នាស្របតាម មាត្រា ៦០ នៃច្បាប់ស្តីពី ផ្លូវថ្នល់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា «សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់ រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព ត្រឹមត្រូវ ម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕


