2025-03-21 12:48
82

កណ្តាល៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ នេះ ក្នុងឱកាចូលរួមសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់សារជាថ្មីថា៖ «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានជ្រើសរើសយកការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណយុទ្ធសាស្រ្តសំខាន់ទី១ ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន»

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «នៅក្នុងយុគសម័យឌីជីថល នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនាសតវត្សរ៍ទី២១, ការបណ្តុះបណ្តាលធនធានមនុស្ស ចាប់ពីវ័យកុមាររហូតដល់យុវជន មានសារៈសំខាន់ណាស់ក្នុងការបង្កើតនូវ “ទំពាំងស្នងឫស្សី” សម្រាប់ជាកម្លាំងបន្តវេន និងធនធានមនុស្សយ៉ាងសំខាន់ និងប្រកបដោយសក្តានុពលរបស់ប្រទេសជាតិ ដើម្បីរួមចំណែកជំរុញឧត្តមភាពប្រកួតប្រជែង និងអភិវឌ្ឍប្រទេសជាតិខ្លួនឱ្យកាន់តែសម្បូររុងរឿង»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «សុខសន្តិភាព ដែលកើតចេញពី គោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ បានផ្តល់កាលានុវត្តភាពដល់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យអប់រំមានការរីកចម្រើនជាបន្តបន្ទាប់ និងបានដើរតួនាទីស្នូល ក្នុងការកសាងធនធានមនុស្ស សម្រាប់រួមចំណែកជាជន្ទល់គ្រឹះអភិវឌ្ឍប្រទេសជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ រាជរដ្ឋាភិបាល នីតិកាលទី៧ បានជ្រើសរើសយក “ការអភិវឌ្ឍមូលធនមនុស្ស” ជាបញ្ចកោណយុទ្ធសាស្រ្តសំខាន់ទី១ ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់»